នាយករដ្ឋមន្រ្តីជប៉ុនអំពាវនាវឱ្យពន្លឿនការផ្តល់ជំនួយកសាងប្រទេសអ៊ុយក្រែនឡើងវិញ

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បានណែនាំមន្ត្រីរដ្ឋាភិបាលរបស់គាត់ឱ្យពន្លឿនការផ្តល់ជំនួយ ដើម្បីជួយអ៊ុយក្រែនកសាងប្រទេសខ្លួនឡើងវិញ ពីការឈ្លានពានរបស់រុស្ស៊ី។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា នៅថ្ងៃទី១៥ ខែឧសភា បានចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សារដ្ឋាភិបាលថ្មី ដើម្បីពិភាក្សាអំពីការផ្តល់ជំនួយជួយស្តារប្រទេសអ៊ុយក្រែនឡើងវិញ។ សង្គ្រាមអូសបន្លាយនៅអ៊ុយក្រែន បានបំផ្លិចបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរ។

ជាការឆ្លើយតប លោក គីស៊ីដា បានបង្ហាញពីការត្រៀមខ្លួន ក្នុងការចូលរួមចំណែកកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលដំណាក់ដំបូង គឺការជួយកម្ចាត់គ្រាប់មីនមិនទាន់ផ្ទុះ។ លោក គីស៊ីដា បានបន្ថែមទៀតថា វិស័យសាធារណៈ និងឯកជន នឹងរួមដៃគ្នាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែនឡើងវិញ ហើយក៏នឹងធ្វើឱ្យឧស្សាហកម្មរបស់អ៊ុយក្រែនរស់ឡើងវិញផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើបានកើតមានឡើងបួនថ្ងៃ មុនពេលកិច្ចប្រជុំកំពូលG7 ចាប់ផ្តើមនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅថ្ងៃសុក្រទី១៩ ខែឧសភានេះ។ ក្រុមប្រឹក្សារដ្ឋាភិបាលថ្មី គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក គីស៊ីដា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីជួយអ៊ុយក្រែនក្នុងការកសាងប្រទេសរបស់ខ្លួនឡើងវិញ៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner