ក្រសួងបរិស្ថាន អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រួមគ្នាដង្ហែដើម្បីលុបបំបាត់ការដាក់អន្ទាក់និងបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ នៅខេត្តកោះកុង
ខេត្តកោះកុង ៖ ជាថ្មីម្តងទៀតយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ដែល ដឹកនាំដោយក្រសួង
បរិស្ថាន ក្នុងនេះមានការចូលរួមពីសំណាក់អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន សហគមន៍ និង ប្រជាពលរដ្ឋយ៉ាងហោចណាស់ ៥០០នាក់បានរួមគ្នាបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នៅក្នុងភូមិសាស្រ្តខេត្តកោះកុងដើម្បីធ្វើការបំផុសចលនា ក៏ដូចជាអប់រំផ្សព្វផ្សាយឱ្យមានការបញ្ឈប់ការដាក់អន្ទាក់ និងបរិភោគសាច់សត្វព្រៃ។
គួរបញ្ជាក់ថាយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ត្រូវបានរៀបចំឡើងនាក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅក្នុង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ ។

សម្រាប់យុទ្ធនាការ អន្ទាក់សូន្យរៀបចំឡើងដើម្បីបង្កើនការអប់រំផ្សព្វផ្សាយដល់សាធារណៈជនអំពីសារៈសំខាន់សត្វព្រៃ តួនាទីរបស់ពួកវាក្នុងប្រពន្ធ័អេកូឡូស៊ី បញ្ហាប្រឈម វិបត្តិនៃអន្ទាក់ និងការអំពាវនាវដល់ស្ថាបន័ពាក់ពន្ធ័ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្រជាពលរដ្ឋមូលដ្ឋានឲ្យចូលរួមយ៉ាងសកម្មបន្ថែមទៀតលើការការពារសត្វព្រៃនិងគ្រប់គ្រងធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងថា៖ «យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលកំពុងប្រព្រឹត្តឥឡូវនេះនៅខេត្តកោះកុង ហើយនឹងគ្រោងធ្វើនៅខេត្តផ្សេងទៀតដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មោះមុតដែលមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ រួមជាមួយការបង្កើតនូវមុខរបរផ្សេងៗសម្រាប់ចិញ្ចឹមជីវិតជំនួសវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋានរបស់យើង។

ឯកឧត្តមបានថ្លែងថា ៖ ក្រសួងបរិស្ថានបានជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមមាន ថ្នាក់ក្រោមជាតិ និងអាជ្ញាធរខេត្ត ក្នុងការពង្រឹងការអនុវត្តច្បាប់ដែលគាំទ្រដល់ការការពារសត្វព្រៃ និងលើកទឹកចិត្តដល់បុគ្គលគោលក្នុងស្រុក និងសហគមន៍ដទៃទៀត ក្នុងការអភិរក្សសត្វព្រៃដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍។
លោក John Willis នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានមានប្រសាសន៍ថា៖ «អ្នកប្រមាញ់សត្វព្រៃដោយការដាក់អន្ទាក់អាចទទួលបានអត្ថប្រយោជន៍រយៈពេលខ្លីសម្រាប់ខ្លួនគាត់ ប៉ុន្តែនាំផលវិបាកដល់អ្នកផ្សេងទៀតនៅក្នុងសហគមន៍។ អន្ទាក់ជះឥទ្ធិពលអាក្រក់ទៅលើប្រាក់ចំណូលពីការលក់ឥណទានកាបូន និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរារាំងសកម្មភាពអេកូទេសចរណ៍ដែលបង្កើតប្រាក់ចំណូលនៅតាមជនបទ”។

ដោយឡែក លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានបញ្ជាក់ថា៖ «ដើម្បីបង្កើនចំនួនសត្វព្រៃនិងទប់ស្កាត់ការបាត់បង់ពូជសត្វព្រៃដែលបណ្តាលមកពីការដាក់អន្ទាក់និងការបរបាញ់ទាមទារនូវការផ្លាស់ប្តូរយុទ្ធសាស្រ្តអភិរក្សនិងកិច្ចអន្តរាគមន៍ដែលមិនធ្លាប់មានពីមុនមកតាមរយៈវិធីសាស្ត្រទំនើបប្រកបដោយភាពច្នៃប្រឌិតខ្ពស់”។
លោកបានបញ្ជាក់ក់បន្ថែមទៀតថា៖ «យើងត្រូវផ្តល់ជម្រកសុវត្ថិភាពមួយដល់សត្វព្រៃហើយ វាក៏ជាទីកន្លែងមួយដែលជីវៈចម្រុះត្រូវផ្តាច់ចេញពីការគំរាមកំហែងគ្រប់សកម្មភាពរបស់មនុស្សព្រមទាំងជាតំបន់មួយដែលមានការគ្រប់គ្រងដោយមានប្រសិទ្ធភាពខ្ពស់ផងដែរ”។

លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានបញ្ជាក់ប្រាប់ថា៖ «ការបញ្ឈប់ទំលាប់នៃការដាក់អន្ទាក់ដ៏គ្រោះថ្នាក់នឹងនាំមកនូវផលប្រយោជន៍យូរអង្វែងចំពោះសត្វព្រៃ ទីជម្រកនិងប្រជាជន។ យើងរួមគ្នាការពារជីវៈចម្រុះដ៏អស្ចារ្យរបស់ប្រទេសកម្ពុជានិងលើកស្ទួយជីវៈភាពសហគមន៍និងសុខភាពសាធារណៈដែលធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។»

ទន្ទឹមជាមួយគ្នានេះ លោក អ៊ុ សូនី នាយកអង្គការអភិរក្សអន្តរជាតិ (CI) ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ការប្រើប្រាស់អន្ទាក់គឺជាការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិតរបស់សត្វព្រៃនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវាញដែលក្នុងមួយឆ្នាំៗអន្ទាក់ទាំងអស់នោះបានសម្លាប់សត្វព្រៃជាច្រើនយ៉ាងស្ងៀមស្ងាត់។

គួរបញ្ជាក់ថាយុទ្ធនាការអន្ទាក់សូន្យមានការចូលរួមសម្តែងផ្សេងៗពីមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង ការឡើងប្តេជ្ញាចិត្ត ការដាក់បង្ហាញឧបករណ៍ និងវត្ថុដូចជារណារយន្ត អន្ទាក់ កាំភ្លើងកែច្នៃ និងមានក្បួនដង្ហែរតាមផ្លូវក្នុងក្រុងដែលមានអ្នកចូលរួមជាង ៥០០ នាក់៕


អត្ថបទ៖លោក ជិនម៉ាដេប៉ូ
រូបភាព៖លោក រិនរចនា