សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ឃើញពាក្យវាល៣ រួមមាន ៖ គឺសង្គ្រាម, វាលអត់ឃ្លាន និងទី៣ វាលជំងឺ ដែលពិបាកនឹងឆ្លងផុតណាស់
ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (University of Health Science) ចំនួនជាង១ពាន់នាក់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានរំលឹកសារជាថ្មីម្តងទៀត ពីកម្ពុជាបានឆ្លងកាត់វាល៣ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យលោកបណ្ឌិត រត្ន័ សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ ធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់ទាក់ទងនឹងពុទ្ធទំនាយនូវការលើកឡើងអំពីពាក្យថា «វាល៣»។ ប៉ុន្ដែពាក្យវាល៣នេះ សម្ដេចតេជោ កត់សម្គាល់ឃើញជារួមមាន៖ វាលទី១ គឺសង្គ្រាម កម្ពុជាបានឆ្លងផុតរួចហើយ វាលទី២ វាលអត់ឃ្លាន ក៏បានឆ្លងផុត និងទី៣ វាលជំងឺ ដែលវាលទី៣នេះ គឺពិបាកនឹងឆ្លងផុតណាស់។
សម្តេចបញ្ជាក់ថា វាលទី៣ ដែលជាជំងឺដង្កាត់ផ្សេងៗរួមទាំងកូវីដ-១៩ ផងដែរ ដែលតម្រូវឱ្យយើងត្រូវត្រៀមធនធានមនុស្សខាងវិស័យសុខាភិបាលរបស់យើងដើម្បីការពារអាយុជីវិតរបស់ប្រជាជនយើង។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ការប្រែប្រួលអាកាសធាតុ បាននាំមកនូវជំងឺដ៏កាចសាហាវជាច្រើនដែលយើងមិនធ្លាប់មាន ហើយយើងក៏មិនដឹងថា តើនៅថ្ងៃខាងមុខ នឹងមានជំងឺអ្វីខ្លះកើតឡើងចំពោះកម្ពុជាយើង ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



