Amazon បោះទុន១៣ពាន់លានដុល្លារនៅឥណ្ឌា ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ (Cloud)
ញូវដែលី៖ ក្រុមហ៊ុន Amazon Web Services (AWS) បានបញ្ជាក់ថា ខ្លួនមានផែនការបោះទុនវិនិយោគ១.០៦ទ្រីលានរូពី ឬប្រហែល១៣ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា នៅត្រឹមឆ្នាំ២០៣០។

ក្រុមហ៊ុន Amazon Web Services (AWS) បានលើកឡើងថា ការបោះទុនវិនិយោគចុងក្រោយនេះ នឹងត្រូវយកទៅប្រើប្រាស់លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ (Cloud) របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ក៏ដូចជាគាំទ្រដល់បុគ្គលិកបំពេញការងារពេញម៉ោងជាង១០០,០០០នាក់។

ក្រុមហ៊ុន AWS បានបើកដំណើរការមជ្ឈមណ្ឌលទិន្នន័យចំនួនពីរទីតាំងនៅក្នុងប្រទេសឥណ្ឌា។ទីតាំងទីមួយនៅក្នុងទីក្រុងបុមបៃ បានបើកដំណើរការក្នុងឆ្នាំ២០១៦ និងទីតាំងទីពីរនៅទីក្រុងហ៊ីឌឺរ៉ាប៊ែដ បានចាប់ផ្តើមដំណើរការកាលពីឆ្នាំ២០២២។

ក្រុមហ៊ុន AWS បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគដែលបានគ្រោងទុកសរុបរបស់ AWS នៅក្នុងប្រទេសឥណ្ឌា នឹងកើនឡើងរហូតដល់១៦.៤ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០។
វេទិការក្លោដ (Cloud Platform) របស់ក្រុមហ៊ុន AWS បានផ្តល់ជូននូវសេវាកម្មច្រើនជាង ២០០ ក្នុងនោះរួមមានការផ្ទុកទិន្នន័យ និងបញ្ហាសិប្បនិម្មិតជាដើម៕

ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា