ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប បើកវេទិការសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល
សៀមរាប៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប បានបើកវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិលាភ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

ក្នុងអង្គវេទិកានាពេលនេះ គឺដើម្បីជួយដោះស្រាយ នូវទុក្ខកង្វល់ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាក់ទងលើបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ អំពើហិង្សាក្នុងគ្រួសារ កសិកម្ម ការបង្កបង្កើនផលស្រូវ ការគ្រប់គ្រងធនធានទឹក ធារាសាស្រ្ត ការចិញ្ចឹមសត្វ ពាណិជ្ជកម្ម ការបម្រើសេវាសាធារណៈ សេវាសុខាភិបាល សិក្សាអប់រំ និងសាសនា ពិសេសសូមឱ្យបងប្អូន ប្រជាពលរដ្ឋសួរសំណួរ ឱ្យចំបញ្ហា ដែលក្រុមការងារស្រុកបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាដើម។

ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ មានប្រសាសន៍ថា កន្លងមកបញ្ហាជាច្រើនបានកើតឡើងនៅតាមមូលដ្ឋានរបស់បងប្អូនប្រជាបលរដ្ឋ ប៉ុន្តែអាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាលបានកំពុងដោះស្រាយជាបន្តបន្ទាប់រួចមកហើយ ទាក់ទងបញ្ហាផ្លូវ បញ្ហានានា គឺអាជ្ញាធរ នឹងស្នើសុំដល់ជំនាញខេត្តចុះពិនិត្យ និងសិក្សាគម្រោងបន្ថែមទៀត។

ឯកឧត្តម បានបន្តទៀតថា ចំពោះបញ្ហាវិវាទដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំពាក់ស្នែងនោះ អាជ្ញាធរនឹងកំណត់យកថ្ងៃណាមួយដើម្បីធ្វើការដោះស្រាយជូនពួកគាត់ទៅតាមសំណូមពរ សូមឱ្យអាជ្ញាធរក្នុងមូលដ្ឋាន ជួយណែនាំដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានយល់ច្បាស់ពីបទដ្ឋានគតិយុត្តិឡើងវិញ។ ដោយឡែក ចំពោះបញ្ហា ដែលនៅសេសសល់មួយចំនួន នៅក្នុងឃុំពាក់ស្នែង គឺសូមឱ្យអាជ្ញាធរឃុំ និងស្រុកចុះពិនិត្យ និងដោះស្រាយជូនពួកគាត់ឲ្យខាងតែបាន។

ឯកឧត្តម បន្តថា អង្គវេទិកា ទទួលបានលទ្ធផលល្អ ដោយមានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានធ្វើការសាកសួរសំណួរ និងសំណូមពរមួយចំនួនទៀត ដោយមានស្មារតីទទួលខុសត្រូវល្អ គោរពតាមគោលការណ៍នៃប្រធានបទ។ ចំណែកក្រុមការងារថ្នាក់ជាតិចុះត្រួតពិនិត្យ ផ្ដល់យោបល់ និងជួយដោះស្រាយ តាមតួនាទី ភារកិច្ចរៀងៗខ្លួន។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានប្រគល់ជូនអាយកូមចំនួន ១០គ្រឿងដល់ប្រជាការពារភូមិផងដែរ ៕

ដោយ ស៊ាន សុផាត