ការស្ទង់មតិមួយបង្ហាញថា ការនាំចេញរបស់កូរ៉េខាងត្បូងទំនងជាធ្លាក់ចុះរហូតដល់១០% កាលពីខែកក្កដា ឆ្នាំ២០១៩នេះ
សេអ៊ូល៖ យោងតាមការស្ទង់មតិមួយបានបង្ហាញថា ការនាំចេញរបស់កូរ៉េខាងត្បូងទំនងជាបានបន្តធ្លាក់ចុះដល់ខែទី៨ ក្នុងខែកក្កដា ឆ្នាំ២០១៩នេះ ដោយបានធ្លាក់ចុះជិត១០ភាគរយបើធៀបនឹងឆ្នាំមុន ដោយសារតែជម្លោះពាណិជ្ជកម្មរយៈពេលយូររវាងសហរដ្ឋអាម៉េរិក និងចិន។
យោងតាមការស្ទង់មតិមួយ ដែលធ្វើឡើងដោយក្រុមហ៊ុន Yonhap Infomax ដែលជាផ្នែកសេវាព័ត៌មានហិរញ្ញវត្ថុរបស់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់កូរ៉េខាងត្បូងត្រូវបានគេប៉ាន់ប្រមាណថា មានទឹកប្រាក់ចំនួន៤៦,៦ពាន់លានដុល្លារអាម៉េរិកកាលពីខែកក្កដាឆ្នាំនេះ គឺធ្លាក់ចុះពី៥១,៨ពាន់ដុល្លារ ដែលត្រូវបានបង្ហោះកាលពីឆ្នាំមុន។
សេវាគយកូរ៉េកាលពីពេលមុនបានឲ្យដឹងដែរថា ការនាំចេញរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ១៣,៦ភាគរយនៅក្នុងរយៈពេល២០ថ្ងៃដំបូងនៃខែកក្កដាឆ្នាំនេះ ដោយសារតែការធ្លាក់ចុះនៃការដឹកជញ្ជូនចេញនៃឧបករណ៍អេឡិចត្រូនិក និងផលិតផលគីមីឥន្ធនៈ៕ធ.ដ


