មន្ត្រីរាជការមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍គ្រប់ ខេត្ត ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាព អនុវត្តការងារ ពីវាគ្មិនជាថ្នាក់ដឹកនាំក្រសួង និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល

ខេត្តកំពង់ធំ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានណែនាំឱ្យរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក្នុងគោលដៅអភិវឌ្ឍ និងបន្តពង្រឹងសមត្ថភាពមន្ត្រី ក.ប.ទ. លើ ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល រួមមានការផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលចាប់ពីជំនាញមូលដ្ឋានដល់ជំនាញឯកទេស និងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនិងចែករំលែកបទពិសោធការអនុការងារជាក់ស្តែង ជាដើម ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍក្រសួង និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះនាថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្រសួងបានរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២) ដែលជាសិក្ខាសាលាតំបន់ទី៣ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម រដ្ឋលេខាធិការ ខាយ ឃុនហេង និងលោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ ព្រមទាំងមានការអញ្ជើញចូលរួមពី មន្រ្តីជាន់ខ្ពស់ និង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ៨៦ រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១២ខេត្ត។

ឯកឧត្តម រដ្ឋលេខាធិការ ខាយ ឃុនហេង បានថ្លែងអំណរគុណដល់វាគ្មិនថ្នាក់ជាតិដែលបានចំណាយពេលដ៏មានតម្លៃក្នុងការមកចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗពាក់ពន្ធ័នឹងការវិវត្តន៍នៃបច្ចេកវិទ្យា។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ទទួលយកចំណេះដឹងដែលទទួលបានការចែករំលែកពីថ្នាក់ជាតិនាពេលនេះ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពបន្ថែមទៀត សម្រាប់បំពេញតួនាទីភារកិច្ចក្នុងការអនុវត្តការងារប្រចាំថ្ងៃនៅតាមអង្គភាពរៀងៗខ្លួនឱ្យទទួលបាននូវលទ្ធផលល្អប្រសើរថែមទៀតប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវអភិវឌ្ឍសមត្ថភាពឱ្យស្របទៅតាមការវិវត្តបច្ចេកវិទ្យាទូរគមនាគមន៍ ដែលមានការប្រែប្រួលឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។

គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្ដុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១. បង្កើនចំណេះដឹងថ្មីៗពីបច្ចេកវិទ្យាឌីជីថល និងពង្រឹងសមត្ថភាពជំនាញ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃដល់មន្ត្រីរាជការមន្ទីរ ប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់។


២. ផ្សព្វផ្សាយអំពីគោលនយោបាយរដ្ឋាភិបាលឌីជីថល គោលនយោបាយប្រៃសណីយ៍ ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ។

៣. បង្កើតឱ្យមានយន្តការចែករំលែកបទពិសោធល្អៗ ដែលបានមកពីការអនុវត្តការងារ និងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះ លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានគូសបញ្ជាក់ថា សិក្ខាកាមទាំងអស់ដែលបានចូលរួម បានលើកជាសំណួរដែលមានការងឿងឆ្ងល់មិនច្បាស់ក្នុងការធ្វើបទបង្ហាញរបស់វាគ្មិន បានលើកជាសំណួរនិងបញ្ហាប្រឈមដើម្បីជូនវាគ្មិនបកស្រាយជូន ហើយវាគ្មិនបានបកស្រាយយ៉ាងក្បោះក្បាយផងដែរ។

សូមជម្រាបជូនថា កម្មវិធីបណ្តុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២) សម្រាប់មន្ទីរ ប.ទ. ទាំង ២៤ បាននិងកំពុងរៀបចំ ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើនៅ ៤ទីតាំង ដូចខាងក្រោម ៖
-ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣
-ខេត្តប៉ៃលិន៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣
-ខេត្តកំពង់ធំ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣
-ខេត្តព្រះសីហនុ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner