ពន្ធដារ និងមន្ទីរពេទ្យអន្តរជាតិមួយ ចុះអនុស្សរណៈលើសេវាកម្មសុខាភិបាលដល់មន្ត្រីពន្ធដារទូទាំងប្រទេស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើសេវាកម្មសុខាភិបាលដល់មន្ត្រីពន្ធដារទូទាំងប្រទេស ដើម្បីថែទាំសុខភាពមន្រ្តីពន្ធដារដែលកំពុងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការប្រមូលចំណូលចូលថវិកា
ជាតិ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនិងលោកស្រី គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា សរុបប្រមាណ ១២៨នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា។

លោកស្រី គួន ធីតា លើកឡើងថា ការផ្តល់ជូនពិសេសនូវសេវាកម្មសុខាភិបាលឯកជនដល់មន្ត្រីរាជការពន្ធដារទូទាំងប្រទេស គឺដើម្បីចូលរួមលើកកម្ពស់វិស័យសុខាភិបាល និងចូលរួមកាត់បន្ថយចំណាយក្នុងការព្យាបាល និងថែទាំសុខភាពរបស់មន្ត្រីរាជការពន្ធដារទាំងអស់ ដែលកំពុងបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការប្រមូលចំណូលចូលថវិកាជាតិ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន និងជឿនលឿន។ លោកស្រីបន្តថា៖«មន្ទីរពេទ្យអន្តរជាតិ អរៀនដា នឹងផ្ដល់នូវកញ្ចប់ពិនិត្យសុខភាពដល់ថ្នាក់ដឹកនាំ មន្ត្រី មន្ត្រីជាប់កិច្ចសន្យា និងក្រុមគ្រួសាររបស់មន្ត្រី មន្ត្រីជាប់កិច្ចសន្យារបស់អគ្គនាយកដ្ឋានពន្ធដារ»។

នាឱកាសនោះឯកឧត្តម គង់ វិបុល មានប្រសាសន៍ថា អគ្គនាយកដ្ឋានពន្ធដារតែងតែយកចិត្តទុកដាក់ខ្ពស់លើ “ធនធានមនុស្ស” រួមទាំងការពង្រឹងប្រសិទ្ធភាពការងារ និងការគិតគូពីសុខុមាលភាពរបស់ថ្នាក់ដឹកនាំ មន្ត្រី និងមន្ត្រីកិច្ចសន្យា។ ឯកឧត្តមបន្តថា៖«ដោយសារបញ្ហាសុខភាព គឺជារឿងមួយដ៏សំខាន់សម្រាប់ជិវិតរស់នៅរបស់មនុស្សគ្រប់រូបនិងការបំពេញការងារទទួលបានលទ្ធផលសម្រេចបានជោគជ័យ»។

ជាមួយគ្នានោះដែរ អគ្គនាយកដ្ឋានពន្ធដារ ក៏បាននិងកំពុងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពរបស់
មន្ត្រីរាជការពន្ធដារ ដែលក៏ជាកត្តាសំខាន់និងចាំបាច់ក្នុងការបំពេញការងារកៀរគរចំណូលចូលថវិកាជាតិ ក៏ដូចជាការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធឱ្យបានល្អប្រសើរដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានពន្ធដារនិងមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានព្រមព្រៀងគ្នាលើការផ្តល់កញ្ចប់តម្លៃពិសេស លើសេវាសុខភាពជូនថ្នាក់ដឹកនាំ មន្ត្រី មន្ត្រីជាប់កិច្ចសន្យានៃអគ្គនាយកដ្ឋានពន្ធដារ និងក្រុមគ្រួសារ៕ ដោយ៖ សុខ រក្សា

ads banner