វិស័យមីក្រូហិរញ្ញវត្ថុបច្ចុប្បន្ន កំពុងដើរតួសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេស កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន នៅតាមតំបន់ជនបទ

បន្ទាយមានជ័យ៖ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា៖ បច្ចុប្បន្ន វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាពិសេស ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមតំបន់ជនបទ។ ដូចនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រដល់វិស័យនេះ តាមរយៈការកំណត់ទស្សនៈវិស័យ និងយុទ្ធសាស្រ្តតម្រង់ទិសអភិវឌ្ឍច្បាស់លាស់ថែមទៀត ព្រមទាំងបានជួយបង្កើតនូវកាលានុវត្តភាពថ្មីៗដល់ការអភិវឌ្ឍសេវាហិរញ្ញវត្ថុក្នុងគោលដៅផ្តល់ជូនប្រជាជនកម្ពុជានូវសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានសូមណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ចូលរួមអប់រំ និងជួយពន្យល់ប្រជាជនអ្នកប្រើប្រាស់ប្រាក់កម្ចី ឱ្យបានយល់ដឹងពីផលប្រយោជន៍នៃការប្រើប្រាក់កម្ចី កុំលង់តាមការឃោសនាមិនសមហេតុផលរបស់ជនបោកប្រាស់ដូចករណីថ្មីៗនេះ ដែលបានខ្ចីលុយពីគ្រឹះស្ថានមីក្រូ យកទៅវិនិយោគដីឡូត៍ជាដើម ពោល រាល់ប្រាក់កម្ចីត្រូវប្រើឱ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។ ជាមួយនេះ ត្រូវជួយក្រើនរំលឹកដល់ប្រជាជន ឱ្យមានការប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនដែលផ្ដល់ការប្រាក់ខ្ពស់ និងពិនិត្យស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនឱ្យបានម៉ត់ចត់ មុននឹងចេញលិខិតបញ្ជាក់សម្រាប់ការស្នើសុំប្រាក់កម្ចី ហើយរាល់ការខ្ចី ត្រូវធ្វើនៅតាមគ្រឹះស្ថានមីក្រូ ដែលទទួលស្គាល់ដោយច្បាប់ ទើបចាកផុតពីបំណុលវន្ត័ករ និងទទួលបានការរីកចម្រើនសម្រាប់គ្រួសារ ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយសមាជិក ព្រមទាំងដៃគូពាក់ព័ន្ធនានាបាននឹងកំពុងអនុវត្តគម្រោងបរិយាប័ន្នហរិញ្ញវត្ថុប្រកបដោយការទទួលខុស
ត្រូវ ដំណាក់កាលទី២ រយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២២-២០២៦ ក្នុងទំហំទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិក។

សូមជម្រាបថា តាមរយៈរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣ បានបង្ហាញថា នៅក្នុងស្រុកព្រះនេត្រព្រះមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង១៤ បានផ្តល់សេវាឥណទានដល់ប្រជាពលរដ្ឋនៅស្រុកនេះបានជាង ១០.០០០គ្រួសារ ជាមួយនឹងសមតុល្យឥណទានសរុបប្រមាណជា ៤៨,៨លានដុល្លារអាមេរិក។ ចំណែកឯអតិថិជនប្រាក់បញ្ញើវិញមានចំនួនប្រមាណ ១៦.៦០០នាក់ ដែលមានសមតុល្យប្រាក់បញ្ញើសរុបចំនួន ៣,៩ លានដុល្លារអាមេរិក ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner