សហគ្រាសធុនតូច និងមធ្យម ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ច
ខេត្តបាត់ដំបង ៖ សហគ្រាសធុនតូច និងមធ្យម ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចទាំងលើទិដ្ឋភាពនៃការបង្កើតការងារនិងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (ធ.ស.ក.) ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា សាខាខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម បានថ្លែងបន្ថែមថា ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME) ដែលរាជរដ្ឋាភិបាលបង្កើតឡើងនេះ គឺជាធនាគារគោលនយោបាយក្នុងគោលបំណងដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន ជូនសហគ្រាសធុនតូចនិងមធ្យម ក្នុងខេត្តគោលដៅរបស់ខ្លួន។ និងបានផ្ដល់ការងារជូនប្រជាជនប្រមាណ ៧០%នៃចំនួនការងារសរុប។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងថា៖ រាជរដ្ឋាភិបាលបានផ្ដោតអាទិភាពចម្បងលើការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា តាមរយៈការបង្កើតឱ្យមាននូវ ៖ ១-មូលនិធិសហគ្រិនភាព,២-មូលនិធិអភិវឌ្ឍន៍ជំនាញ,៣-សហគ្រិនខ្មែរ និង៤- ការផ្ដល់ការលើក ទឹកចិត្តផ្នែកសារពើពន្ធផ្សេងៗ។

ត្រឹមខែមេសាឆ្នាំ២០២៣ ធនាគារ SME បានប្រតិបត្តិការផ្តល់ឥណទានដោយផ្ទាល់ លើទំហំទឹកប្រាក់សរុបចំនួន ៦២,៤លានដុល្លារអាមេរិក ទៅសហគ្រាសធុនតូចនិងមធ្យម ចំនួន២៧៥សហគ្រាសដែលក្នុងនោះមានសហគ្រិន ជាស្រ្តីចំនួន ៧៥សហគ្រាស។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតនូវសាខាធនាគារSMEថ្មីនេះនៅលើទឹកដី ខេត្តបាត់ដំបង ដែលជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ និងពិតជាផ្តល់នូវកាលានុភាពងាយស្រួលជូនបងប្អូនប្រជាកសិករ ៕ (អត្ថបទ-រូបភាព៖ អ៊ុកសំអាន)