សម្តេចតេជោ ហ៊ុន សែន នឹងចំណាយពេលជួបកម្មករ កម្មការិនី និងនិយោជិតចំនួន ១៨លើក ក្នុងរយៈពេល ១ខែខាងមុខនេះ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នឹងចំណាយពេលជួបកម្មករ កម្មការិនី និងនិយោជិតចំនួន ១៨លើក ក្នុងរយៈពេល១ ខែខាងមុខនេះ ដោយនៅក្នុងជំនួបម្តងៗ មិនតិចជាង ១៥.០០០ នាក់ នោះទេ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដូចនេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សា និងសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោបានថ្លែងថា រយៈពេល៣ថ្ងៃជាប់គ្នា សម្ដេចបានអញ្ជើញសម្ពោធសមិទ្ធផលសំខាន់ៗចំនួន ៣ ក្នុងនោះ ១-សមិទ្ធផល និងរោកចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុ។ ២-អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី៣-សម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រប្រកាសថា នៅរយៈពេល១ខែខាងមុខនេះ សម្ដេចនឹងត្រូវជួបជាមួយកម្មករ កម្មការិនី និយោជិតចំនួន១៨លើកបន្តទៀត ដោយនៅក្នុងជំនួបម្តងៗ អាចមានកម្មករ កម្មការិនី និងនិយោជិត មិនតិចជាង ១៥.០០០ នាក់ នោះទេ។
សម្ដេច បានបញ្ជាក់ថា នាពេលខាងមុខនេះ រាជរដ្ឋាភិបាល នឹងចំណាយថវិកាលើការបណ្ដុះបណ្ដាលយុវជនគោលដៅចំនួន ១លាន៥សែននាក់ ក្នុងនោះ នឹងជ្រើសរើសចំនួន ២ទៅ ៤ភាគរយ សម្រាប់រៀនលើជំនាយវិជ្ជាជីវៈដូនតា នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឆ្លៀតក្នងឱកាសនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា អ្វីៗទាំងអស់ គឺត្រូវរស់នៅក្រោមសន្ដិភាពទាំងអស់ បើគ្មានសន្ដិភាពគឺត្រូវរត់ក្រោមគ្រាប់ផ្លោងហើយ។ ដូច្នេះហើយ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ក៏សម្ដេចត្រូវរក្សាសន្ដិភាពឱ្យបានដែរ កុំឱ្យដល់ពេលបាត់បង់សន្ដិភាពទើបនាំគ្នាសោកស្ដាយ ៕អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


