សហគមន៍អឺរ៉ុបស្វាគមន៍ការសម្រេចចិត្តបញ្ជូនយន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន
ប្រ៊ុចសែល៖ ប្រទេសប៉ូឡូញបានចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន លើយន្តហោះចម្បាំង F16 របស់សហរដ្ឋអាមេរិក ហើយប្រទេសសហភាពអឺរ៉ុបមួយចំនួនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្គត់ផ្គង់យន្តហោះទៅឱ្យអ៊ុយក្រែន។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយ កាលពីថ្ងៃអង្គារ សប្តាហ៍នេះថា ភ្លើងខៀវរបស់សហរដ្ឋអាមេរិកក្នុងការអនុញ្ញាតឱ្យអាកាសយានិកអ៊ុយក្រែន ទទួលបានការបណ្តុះបណ្តាលយន្តហោះ F-16 បានបង្កើតនូវសន្ទុះដ៏ក្លេវក្លា ដែលនឹងនាំយន្តហោះចម្បាំងទៅសមរភូមិអ៊ុយក្រែន ដោយជៀសមិនរួច។

លោក ចូសិប បូរ៉ែល (Josep Borrell) ដែលបានលើកឡើងពីការជជែកដេញដោលដ៏យូរ និងការប្រឆាំងជំទាស់ដំបូង ក្នុងការបញ្ជូនរថក្រោះប្រយុទ្ធ លីអូផាត (Leopard) កម្រិតខ្ពស់ទៅកាន់អ៊ុយក្រែន លោកបាននិយាយថា អ្នកដឹងទេ វាគឺដូចគ្នាយើងបានពិភាក្សាវា ហើយអ្នកគ្រប់គ្នាមានការស្ទាក់ស្ទើរនៅគ្រាដំបូង។ ប៉ុន្តែនៅទីបញ្ចប់ ទាំង លីអូផាត (Leopard) និងចុងក្រោយជាមួយ F-16 វាត្រូវបានសម្រេចចិត្តផ្តល់ការគាំទ្រផ្នែកយោធា (សម្រាប់អ៊ុយក្រែន) ព្រោះវាត្រូវការជាចាំបាច់ ។
លោក ចូសិប បូរ៉ែល បានបន្ថែមថា កម្មវិធីបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនបានចាប់ផ្តើមរួចហើយ នៅក្នុងប្រទេសប៉ូឡូញ និងប្រទេសមួយចំនួនទៀត ទោះបីជាអាជ្ញាធរនៅទីក្រុងវ៉ារស្សាវ៉ា មិនអាចបញ្ជាក់ពីព័ត៌មាននេះភ្លាមៗក៏ដោយ។ ប្រទេសហូឡង់ និងដាណឺម៉ាក ក្នុងចំណោមប្រទេសដទៃទៀត ក៏កំពុងរៀបចំផែនការសម្រាប់ការបណ្តុះបណ្តាលបែបនេះដែរ។

គួរបញ្ជាក់ថា ថ្មីៗនេះ រដ្ឋបាលលោកចូ បៃដិន បានផ្ដល់ភ្លើងបៃតងឲ្យសម័្ពន្ធមិត្ត បញ្ជូនយន្ដហោះចម្បាំងស៊េរីទំនើបនេះដល់អ៊ុយក្រែន រួមទាំងផ្ដល់ការបណ្ដុះបណ្ដាលសម្រាប់ពីឡុត។ ព្រមពេលជាមួយគ្នានេះ កាណាដា ក៏បានបង្ហើបពីបំណងចូលរួម ក្នុងការបណ្តុះបណ្តាលដល់ពីឡុតអ៊ុយក្រែនផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត