អតីតសកម្មជនបក្សប្រឆាំង ១៤រូប ត្រូវបានព្រះមហាក្សត្រលើកលែងទោស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ព្រះករុណាព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសដល់អ្នកទោសចំនួន ១៤រូប ដែលជាអតីតសកម្មជនគណបក្សប្រឆាំង តបតាមសំណើរទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ព្រះរាជក្រឹត្យចុះនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានត្រាស់បង្គាប់ឱ្យលើកលែងទោសដល់ទណ្ឌិត ១៤រូប ក្នុងនោះរួមមាន លោក គង់ សំអាន, លោក ថៃ សុគន្ធា, លោកឡុង ផារី, លោកឃឹម ភាណា, លោកសុខ ចាន់ថា, លោកពៀត ម៉ាប់, លោក កែវ ថៃ, លោក ជុំ ចាន់, លោក ស៊ុន ធន់, លោកងិល ឃាន, លោកយឹម សារ៉េត, លោកញ៉ែន វាន, លោកឃុត ច្រិក, និង លោកវឿន វាសនា។

គួរជម្រាបជូនថា កាលពីថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ទណ្ឌិតទាំង​ ១៤រូបនេះ បានធ្វើលិខិតស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដើម្បីសុំលើកលែងទោស ដោយក្នុងលិខិតទាំងនោះ ពួកគេបានលើកឡើងពីកំហុសឆ្គងរៀងៗខ្លួនក្នុងអតីតកាលដែលចូលរួមសកម្មភាពនយោបាយប្រឆាំងនឹងរដ្ឋាភិបាល ហើយនាំទុក្ខទោសដល់ខ្លួនឯង និងរាំងស្ទះដំណើរការរបស់រដ្ឋាភិបាល។

ជុំវិញបញ្ហានេះ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌​បញ្ជាក់ថា ដំណើរការលើកលែងទោសដល់ទណ្ឌិត ១៤រូបនេះ ត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដែលជាសិទ្ធិអំណាចរបស់នាយករដ្ឋមន្ត្រីក្នុងការស្នើសុំព្រះមហាក្សត្រក្នុងការលើកលែងទោសដល់ទណ្ឌិតណាមួយ។

ឯកឧត្តមបន្តថា ជាទូទៅ បើសិនប្រមុខរដ្ឋាភិបាលយល់ថា មានភាពចាំបាច់ ដូចជាទណ្ឌិតយល់ពីកំហុសខ្លួន សុំការអធ្យាស្រ័យ សុំការអនុគ្រោះទោស ដោយប្តេជ្ញាកែប្រែកំហុស ប្តេជ្ញាធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិវិញជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះ វាជាសិទ្ធិរបស់រដ្ឋាភិបាលក្នុងការស្នើសុំ បើសិនមើលឃើញពីភាពចាំបាច់ ។

ឯកឧត្តមបានបន្ថែមថា ទណ្ឌិតទាំង១៤រូបនេះ បានទទូលស្គាល់កំហុសរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមក ដែលធ្លាប់ទទួលការញុះញង់ពីក្រុមបក្សប្រឆាំងហើយបានជ្រុលខ្លួនប្រព្រឹត្តអំពើល្មើសច្បាប់ ប៉ុន្តែដោយស្មារតីទទួលស្គាល់កំហុសហើយ ប្រមុខរដ្ឋាភិបាលអាចផ្តល់ការអនុគ្រោះដើម្បីលើកលែងទោស។

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner