សម្ដេចក្រឡាហោម ស ខេង ស្នើឱ្យអង្គការចំនួនពីរ បន្តជួយគាំទ្រផែនការនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង ស្នើឱ្យអង្គការយូនីសេហ្វនិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនឬចៃកា(JICA) ជួយបន្តគាំទ្រគោលនយោបាយក៏ដូចជាផែនការយុទ្ធសាស្ត្រនៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរ។

ការស្នើនេះ ត្រូវបានលើកឡើងនាឱកាសសម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតឱ្យលោក Will Parks នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា និងលោក SANUI KAZUMASA ប្រធានតំណាងថ្មី នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ប៉ុន្តែជំនួបនេះធ្វើឡើងដាច់ដោយឡែកពីគ្នា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៣។ នេះបើយោងគណនីហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ ។

នៅក្នុងជំនួបជាមួយ លោក Will Parks សម្ដេចក្រហោម ស ខេង បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ ដែលបានចូលរួមគាំទ្រតាមរយៈជំនួយនិងកម្មវិធីផ្សេងៗ ជាពិសេសពាក់ព័ន្ធការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលផ្ដោតទៅលើការលើកកម្ពស់នូវតួនាទីរបស់ស្ដ្រី និងការចូលរួមគាំពារដល់កុមារ។សម្ដេចសង្ឃឹមជឿជាក់ថា អង្គការយូនីសេហ្វ នឹងបន្ដគាំទ្រដល់កិច្ចការងារនេះបន្ដទៅមុខទៀត ដោយផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយនឹងគោលនយោបាយ ក៏ដូចជាផែនការយុទ្ធសាស្ដ្រ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប លោក Will Parks នាយកអង្គការយូនីសេហ្វ បានជម្រាបជូនអំពីផែនការសកម្មភាពរបស់អង្គការយូនីសេហ្វរយៈពេលបួនឆ្នាំ (២០២៤ ដល់២០២៨)។ លោកបន្តថានៅក្នុងក្របខ័ណ្ឌនៃផែនការរយៈពេលបួនឆ្នាំនេះ លោកមានគំនិតផ្តួតផ្ដើម ក៏ដូចជាយោបល់ក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជននៅតាមមូលដ្ឋាន នៅក្នុងការរៀបចំផែនការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។ លោកថាមួយទៀតនោះ គឺផ្ដោតទៅលើការគាំទ្រទៅលើខេត្តគោលដៅមួយចំនួន ដើម្បីអនុវត្តសកម្មភាពជាក់ស្ដែងណាមួយដើម្បីទទួលបានលទ្ធផល និងប្រសិទ្ធភាព ជាពិសេសទៀតនោះ គឺពាក់ព័ន្ធការផ្ដល់សេវាសង្គម ដែលផ្ដោតទៅលើស្ដ្រី និងកុមារ។

លោក Will Parks បានកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានទទួលយកសំណូមពរពីភាគីកម្ពុជាក្នុងការបន្ដជួយគាំទ្រដល់កិច្ចការងារពាក់ព័ន្ធក្នុងការលើកកម្ពស់ស្ដ្រី និងការគាំពារដល់កុមារ នៅថ្នាក់ក្រោមជាតិ ដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។

ដោយឡែក ក្នុងជំនួបជាមួយ លោក SANUI KAZUMASA វិញ សម្ដេចក្រឡាហោម ស ខេង សង្ឃឹមជឿជាក់ថា បេសកកម្មការងារជាលើកទី២របស់ប្រធានភ្នាក់ងារចៃ នឹងរួមចំណែកបង្កើតនូវសមទ្ធិផលជោគជ័យថ្មីៗបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារចៃកានៅកម្ពុជា។ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការនេះដែរ លោកក៏ថ្លែងអំណរគុណចំពោះ ចៃកា ដែលបានផ្តល់កិច្ចសហការជួយគាំទ្រដល់អគ្គនាយកដ្ឋានរដ្ឋបាលតាមគម្រោងផ្សេងៗដូចជា ការអភិវឌ្ឍន៍គម្រោងមន្ត្រី និងការជួយគាំទ្ររបស់ចៃកាដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងមហាផ្ទៃ។សម្ដេចក្រឡាហោម ស ខេង សង្ឃឹមថា ចៃកានឹងបន្តជួយគាំទ្រដល់ការងារសិក្សាដល់គម្រោងដែលពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាការងារសុវត្ថិភាពផ្លូវថ្នល់បន្ថែមទៀតផងដែរ ដើម្បីជំរុញកិច្ចការទាំងនេះឱ្យទទួលបានវឌ្ឍនភាព ស្របតាមគោលដៅ ក៏ដូចជាផែនការដែលបានគ្រោងទុក»។

ជាការឆ្លើយតប លោក SANUI KAZUMASA បានថ្លែងថា វិស័យធំៗចំនួន៣ ដែលអង្គការ JICA ចូលរួមគាំទ្រនៅកម្ពុជាសម្រាប់បេសកកម្មទី២របស់លោកទី១ ការអភិវឌ្ឍឧស្សាហកម្ម ទី២ ទាក់ទងនឹងគុណភាពនៃការរស់នៅរបស់ប្រជាជន និងទី៣ការងារអភិបាលកិច្ច។ លោកថា៖ «ដើម្បីបន្តជំរុញគាំទ្រដល់ការងារនេះ ចៃកា ក៏បានចាត់បញ្ជូននូវអ្នកប្រឹក្សាយោបល់ផ្នែកគោលនយោបាយ ដើម្បីបន្តជួយគាំទ្រដល់ក្រសួងមហាផ្ទៃលើការងារពាក់ព័ន្ធក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ»។

នៅក្នុងជំនួបទាំងពីរនោះសម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺជាកិច្ចការងារអាទិភាព ហើយក៏ជាការងារមួយដ៏មានសារៈសំខាន់នៅក្នុងប្រវត្តិសាស្ដ្រនៃការរៀបចំរដ្ឋបាលរបស់កម្ពុជាផងដែរ៕ ដោយ៖ ជា សុខនី

ads banner