ប៉ូឡូញ អបអរ កម្ពុជា ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ បានលើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម Wojciech Gerwel អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេស ប៉ូឡូញ បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាពសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា និងបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ ។
ឯកឧត្តមក៏បានអបអរសាទរដល់កម្ពុជា ចំពោះសមិទ្ធិផលដ៏អស្ចារ្យនៃការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ក៏ដូចជាការធ្វើម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយភាពជោគជ័យ ដែលលើកកម្ពស់មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ ។

នេះបើយោងតាមលទ្ធផល នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគី លើកទី២ រវាងកម្ពុជា និងប៉ូឡូញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមសហប្រធាន ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និង ឯកឧត្តម Wojciech Gerwel អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ ។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានកត់សម្គាល់ ដោយសេចក្តីរីករាយចំពោះចំណងមិត្តភាពដ៏ល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដែលមានស្រាប់រវាងប្រទេសទាំងពីរ ។

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំងពីរគឺអាស៊ាន និងសហភាពអឺរ៉ុប ព្រមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ និងវប្បធម៌ ជាដើម ។

ឯកឧត្តមទាំងពីរ លើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធធ្វើការរួមគ្នា បង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសទាំងពីរ ដើម្បីជំរុញការចូលរួមកាន់តែសកម្មពីវិស័យឯកជន។
ក្នុងឱកាសនោះ ឯកឧត្តមទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង កម្ពុជា និង ប៉ូឡូញ ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា។ កិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងកម្ពុជា និងប៉ូឡូញ លើកទី៣ នឹងត្រូវធ្វើឡើងនៅប្រទេសប៉ូឡូញ ៕




ដោយ សួង ពិសិដ្ឋ