សម្តេចតេជោ ហ៊ុន សែន ណែនាំរដ្ឋមន្ត្រីព័ត៌មាន រំលឹកដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជំរុញការផ្សព្វផ្សាយកីឡាអាស៊ានប៉ារ៉ាហ្គេម ឱ្យបានទូលំទូលាយ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ណែនាំរដ្ឋមន្ត្រីព័ត៌មាន រំលឹកដល់ស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានា ជំរុញការផ្សព្វផ្សាយកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឱ្យបានទូលំទូលាយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកដូច្នេះក្នងជំនួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ មុនពេលចូលរួមប្រកួតក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា លុយកាក់អាចចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះកម្ពុជា ចាយមិនអស់នោះទេ ពាក់ព័ន្ធនឹងការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣។

សម្ដេចបន្តថា ស៊ីហ្គេមនៅកម្ពុជា បានក្លាយជាប្រធានបទ នៃការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនានា រួមទាំងសារព័ត៌មាន CNN, Channel News Asia និងបណ្ដាញសារព័ត៌មានអន្តរជាតិនានាជាច្រើនទៀត។
សូមជម្រាបថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣ បានបិទបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កម្ពុជា ទទួលបានមេដាយសរុប ២៨២គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ៨១គ្រឿង, មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរិទ្ធចំនួន ១២៧គ្រឿង ។

ថ្លែងពាក់ព័ន្ធនឹងអាស៊ានប៉ារ៉ាហ្គេម សម្តេចតេជោ ក៏បានបញ្ជាឱ្យឆ្លាក់ទុកនូវព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅវិមាន ឈ្នះ ឈ្នះ ដូចព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែរ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានណែនាំឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រំលឹកណែនាំដល់ស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឱ្យបានទូលំទូលាយ។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែល ប្រព្រឹត្តិទៅចាប់ ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចំនួន១៣ និងប្រភេទកីឡាសម្តែង១ គឺកីឡាអេឡិចត្រូវនិកជនពិការ ដោយមានជាង៤០០វិញ្ញាសា។ កីឡាទាំង ១៤ប្រភេទកីឡាជនពិការនេះ រួមមាន៖ អត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ ទាត់ ៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស-នារី, បាល់ទះអង្គុយបុរស-នារី, បាល់បោះជិះរទេះបុរស-នារី, និងកីឡាអេឡិចត្រូនិក។

ក្នុងព្រឹត្តិការណ៍នេះ កម្ពុជា មានអត្តពលិកសរុបចំនួន ២៣៦នាក់ ដែល ចំនួន នេះ កើនឡើង ជាង ២ដង បើ ប្រៀប ធៀប នឹងចំនួនអត្តពលិកពិការកម្ពុជា ដែលចូលរួមប្រកួតអាស៊ានប៉ារ៉ហ្គេម លើក ទី១១ នៅ ទី ក្រុង សូឡូ ប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២២ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ