ប្រមុខណាតូ៖ ការវាយប្រហារលើកងរក្សាសន្តិភាពនៅកូសូវ៉ូ ត្រូវតែបញ្ឈប់ជាបន្ទាន់
អូស្លូ៖ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនបឺគ នៅថ្ងៃអង្គារនេះ បានថ្កោលទោសការវាយប្រហារប្រឆាំងនឹងកងកម្លាំងសម្ព័ន្ធមិត្តណាតូ (KFOR) នៅក្នុងតំបន់កូសូវ៉ូ បន្ទាប់ពីកងរក្សាសន្តិភាពរបស់ណាតូចំនួន ៣០នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចជាមួយក្រុមបាតុករជនជាតិស៊ែរប៊ី។
អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនបឺគ បានថ្លែងពីទីក្រុងអូស្លូថា យើងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារប្រឆាំងនឹងកងទ័ព KFOR នៅភាគខាងជើងតំបន់កូសូវ៉ូ ដែលនាំឱ្យកងរក្សាសន្តិភាពចំនួន ៣០នាក់រងរបួស និងថា ការវាយប្រហារបែបនេះ គឺជារឿងមិនអាចទទួលយកបាន ហើយត្រូវតែបញ្ឈប់ជាបន្ទាន់។
លោក ស្តូលធិនបឺគ បាននិយាយយ៉ាងដូច្នេះថា អំពើហិង្សាកំពុងធ្វើឱ្យកូសូវ៉ូ និងតំបន់ទាំងមូលដើរថយក្រោយ ហើយធ្វើឱ្យក្តីសង្ឃឹមរបស់ប្រទេសបាល់កង់ ក្នុងការចូលរួមជាមួយអង្គការណាតូស្ថិតក្នុងហានិភ័យ។ លោក ស្តូលធិនបឺគ បានសង្កត់ធ្ងន់ថា ទាំងទីក្រុងបែលហ្គ្រាត និងទីក្រុងព្រីស្ទីណា ត្រូវតែចាត់វិធានការជាក់ស្តែង ដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង, ជៀសវាងអាកប្បកិរិយាខ្វះការទទួលខុសត្រូវបន្ថែមទៀត និងចូលរួមក្នុងកិច្ចសន្ទនាដែលសម្របសម្រួលដោយសហភាពអឺរ៉ុប ដែលជាមធ្យោបាយតែមួយគត់ដើម្បីបង្កើតសន្តិភាពយូរអង្វែង។
សូមបញ្ជាក់ថា ក្រោយរលត់ភ្លើងសង្គ្រាមស៊ីវីលជាមួយស៊ែរប៊ី តំបន់កូសូវ៉ូបានប្រកាសឯករាជ្យនៅឆ្នាំ២០០៨។ តែស៊ែរប៊ីមិនបានទទួលស្គាល់ឯករាជ្យនេះទេ ដោយចាត់ទុកកូសូវ៉ូ ដែលមានជនជាតិស៊ែបរស់នៅជាង១២ម៉ឺននាក់នោះថា ជាតំបន់ស្វយ័តរបស់ខ្លួន។ សហគមន៍អន្តរជាតិ ដូចជាអង្គការសហប្រជាជាតិជាដើម ក៏នៅមិនទាន់ទទួលស្គាល់ជាផ្លូវការដែរ នូវឯករាជ្យរបស់តំបន់កូសូវ៉ូ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

