សង្ហិបុរី និងចិន ចុះកិច្ចព្រមព្រៀងបង្កើតខ្សែទូរស័ព្ទសុវត្ថិភាពរវាងប្រមុខការពារជាតិទាំងពីរ

សាំងហ្គាពួរ៖ សង្ហិបុរី និងចិន នឹងធ្វើការឆ្ពោះទៅបង្កើតបណ្តេញទំនាក់ទំនងខ្សែទូរស័ព្ទការពារជាតិដែលមានសុវត្ថិភាព ស្ថិតក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលប្រទេសទាំងពីរបានចុះហត្ថលេខានៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការពារជាតិសិង្ហបុរី (Mindef) បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ស្ថិតក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ថាប័នការពារជាតិនៃប្រទេសទាំងពីរ (សង្ហិបុរី-ចិន) នឹងធ្វើការឆ្ពោះទៅរកការបង្កើតខ្សែសុវត្ថិភាព សម្រាប់ការទាក់ទងកម្រិតខ្ពស់រវាងមេដឹកនាំការពារជាតិប្រទេសទាំងពីរ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បណ្តាញទំនាក់ទំនងបើកចំហកម្រិតខ្ពស់បែបនេះ មានសារៈសំខាន់ណាស់សម្រាប់ការពង្រឹងការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ការចុះហត្ថលេខាលើ MOU នេះ ធ្វើជាសាក្សីដោយរដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក ង័រ អេងហេន និងរដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរីជាលើកដំបូង។

លោក លី ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសសង្ហិបុរី ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ នឹងចូលរួមកិច្ចសន្ទនា Shangri-La ដែលជាកិច្ចប្រជុំកំពូលការពារជាតិប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យសប្តាហ៍នេះ។ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោក លី នៅសង្ហិបុរី លោកបានធ្វើជាសហប្រធានកិច្ចសន្ទនារដ្ឋមន្ត្រីការពារជាតិសិង្ហបុរី-ចិនលើកទី២ (DMD) ជាមួយលោក ង័រ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

សរុបមក ទាំង DMD និង MOU គឺជាគំនិតផ្តួចផ្តើមក្រោមកិច្ចព្រមព្រៀងធ្វើឱ្យប្រសើរឡើងលើការផ្លាស់ប្តូរក្នុងវិស័យការពារជាតិ និងកិច្ចសហប្រតិបត្តិការសន្តិសុខដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៩៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner