សម្តេចតេជោ ហ៊ុន សែន ចំអកអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជាជនជាតិថៃ សូមមើលកម្ពុជាឱ្យបានច្បាស់លាស់ សូមកុំមើលតែរបាយការណ៍

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចំអកឱ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលជាជនជាតិថៃ សូមក្រឡេកមើលប្រទេសថៃខ្លួនឯងផង កុំមើលតែស្រុកខ្មែរពេក ខណៈករណីថាក់ស៊ីន និងយ៉ីងឡាក់ គ្មាននរណាមួយហ៊ានអន្តរាគមន៍ និងហ៊ាននិយាយនោះទេ។

សម្តេច ក៏បានផ្តាំទៅក្រុមអង្គការសិទ្ធិមនុស្ស ជាពិសេស អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលជាជនជាតិថៃ មើលកម្ពុជាឲ្យបានច្បាស់លាស់ សូមកុំមើលតែរបាយការណ៍ និងស្តាប់តាមតែការញុះញង់របស់ក្រុមប្រឆាំងពេក ព្រោះក្រុមពួកប្រឆាំងទាំងនោះ មិនដែលនិយាយល្អពីកម្ពុជានោះទេ សូម្បីតែព្រឹត្តិការណ៍កីឡាស៊ីហ្គេមល្អឥតខ្ចោះ ក៏ពួកគេរិះគន់ដែរ។

សម្តេចតេជោ បានផ្តាំទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា កម្ពុជា មិនត្រូវការឱ្យមានការលើកសរសើរពីកម្ពុជានោះទេ សូមតែនិយាយការពិតពីកម្ពុជាតែប៉ុណ្ណោះ ខណៈការលើកឡើងរបស់អ្នករាយការណ៍ពិសេសរូបនេះ ស្តាប់តែភាគីពួកប្រឆាំងតែម្ខាង។

សម្តេចតេជោ ហ៊ុន សែន ក៏បានយកឱកាសនេះ ណែនាំដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កុំធ្វើលិខិតណាមួយសម្រាលទោសដល់អប្សរាក្បាលត្រងោលឲ្យសោះ មិនថា បុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំនោះទេ ខណៈអប្សរាក្បាលត្រងោលមួយនេះមានសញ្ជាតិ២ ហើយក៏មានអ្នកចង់ដាក់គំនាបដល់រាជរដ្ឋាភិបាលលើករណីនេះផងដែរ។

ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវឱ្យអតីតបុគ្គលិកណាហ្គា ៩៨នាក់ បញ្ឈប់សកម្មភាពតវ៉ា។ សម្តេច បញ្ជាក់ថា មិនមែនគេមិនដឹងពីចលនារបស់ខ្លួននោះទេ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចកសហគ្រាសចំនួន១៩ ស្ថិតក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ៕ អត្ថបទ ៖ វណ្ណលុក រូបភាព ៖ វេង លឹមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner