រដ្ឋមន្រ្តីក្រសួងសុខាភិបាលបន្តជំរុញគ្រូពេទ្យឱ្យពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង បន្តជំរុញគ្រូពេទ្យពង្រឹងបន្ថែមទៀតលើក្រមសីលធម៌វិជ្ជាជីវៈ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺ បើទោះបីជាសេវាសុខាភិបាលសាធារណៈកាន់តែមានទំនុកចិត្តពីប្រជាជនក៏ដោយ។

ការជំរុញជាថ្មីនេះ ធ្វើឡើងនាឱកាសឯកឧត្តម ម៉ម ប៊ុនហេង រួមជាមួយលោក អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ១ខែមិថុនា ឆ្នាំ ២០២៣។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

នាពិធីនោះឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អរវាងអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធនានាក្នុងការទប់ស្កាត់រាល់បាតុភាពអសកម្មទាំងឡាយ ដែលបានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជិវិតរបស់ប្រជាពលរដ្ឋ។ ដោយក្នុងនោះ
បង្ក្រាបបានជាអតិបរមានូវការលក់ឱសថក្លែងក្លាយ ការនាំចូលឱសថដែលពុំមានច្បាប់អនុញ្ញាត និង
សេវាសុខាភិបាលខុសច្បាប់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះលោកគូសបញ្ជាក់ថា៖«សេវាសុខាភិបាលសាធារណៈកាន់តែមានទំនុកចិត្តពីប្រជាជន ហើយបានមកទទួលសេវាសម្រាលកូនមានការកើនឡើង ការពិគ្រោះ និងព្យាបាលជំងឺក៏មានសន្ទុះគួរឱ្យចាប់អារម្មណ៍។ តែយើងក៏ត្រូវតែខិតខំពង្រឹងបន្ថែមទៀត ជាពិសេសលើក្រមសីលធ៌មវិជ្ជាជីវៈ អត្តចរិតស្លូតបូត រាក់ទាក់ ប្រកបដោយការ យកចិត្តទុកដាក់ចំពោះអ្នកជំងឺ ដែលពួកគាត់ត្រូវការដើម្បីឱ្យពួកគាត់កាន់តែពេញចិត្តនិងគាំទ្រសេវារបស់យើង»។

ពាក់ព័ន្ធការគ្រប់គ្រងជំងឺកូវីដ១៩ វិញឯកឧត្តម ម៉ម ប៊ុនហេង មានប្រសាសន៍ថា កម្ពុជាបានគ្រប់គ្រង ឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩ ដោយជោគជ័យ គឺពិតជាមានមោទនភាពចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់សង្គមជាតិទាំងមូល។ លោកបន្តថា៖« ដែលសមិទ្ធផលគួរឱ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងការចង្អុលបង្ហាញផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងសរុបរបស់ជាតិ នោះគឺការបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូរីដ១៩»។

យ៉ាងណាមិញឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាលថា មេរៀនបទពិសោធ ទាំងអស់នេះ អាចឱ្យយើងយកឈ្នះលើសមរភូមិកូវីដ១៩ តែរាជរដ្ឋាភិបាលនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ព្រោះសង្គ្រាមកូវីដ១៩ មិនទាន់ចប់នៅឡើយ៕ ដោយ៖ សុខ រក្សា

ads banner