រថយន្តប្រណាំងកម្ពុជាទាំង២ក្រុម បានធ្វើការចុះឈ្មោះរួចរាល់ និងត្រៀមខ្លួនយ៉ាងល្អ រង់ចាំការប្រណាំងមកដល់
រថយន្តប្រណាំងកម្ពុជាទាំង២ក្រុម បានធ្វើការចុះឈ្មោះរួចរាល់ និងត្រៀមខ្លួនយ៉ាងល្អ រង់ចាំការប្រណាំងមកដល់ នៅថ្ងៃទី១១ ខណៈថ្ងៃនេះអត្តពលិកទាំងអស់ ត្រូវចូលរួមពិធីបើកជាផ្លូវការព្រឹត្តិការណ៍ Asia Cross Country Rally 2019 លើចម្ងាយផ្លូវជាង២២០០គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសថៃ និងបញ្ចប់នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី១០ដល់ទី១៦ ខែសីហា ឆ្នាំ២០១៩។ ដើម្បីត្រៀមការប្រណាំងព្រឹត្តការណ៍ធំកម្រិតអាស៊ីខាងលើ ក្រុមរថយន្តប្រណាំងរបស់កម្ពុជា ទាំង២ក្រុម បានធ្វើការត្រួតពិនិត្យរថយន្ត ម៉ាស៊ីន ប្រព័ន្ធភ្លើង គ្រឿងក្រោម សម្ភារសំខាន់ផ្សេងៗ ទាំងក្រុមស៊ើវីស ក៏បានត្រៀមខ្លួនយ៉ាងល្អ ជាពិសេសបើកបរ និងជំនួយការអ្នកបើកបរក៏បានត្រៀមរួចរាល់ដែរ។
កីឡាករ ហូ សិទ្ធគុណ បញ្ជាក់ទៀតថា ការកើនឡើងរថយន្តប្រណាំង ក៏ជាឧបសគ្គធំៗមួយ សម្រាប់ក្រុមកម្ពុជា ព្រោះកីឡាករជើងខ្លាំងមួយចំនួន ដូចជា ថៃ និងជប៉ុន ដែលធ្លាប់ប្រជែងប្រភេទរថយន្តម៉ាស៊ូត ប្តូរមកប្រណាំងប្រភេទរថយន្តសាំងវិញ ធ្វើឲ្យការប្រណាំងកាន់តែសភាពតានតឹងធ្វើឲ្យការប្រកួតប្រជែងមានកាន់តែខ្ពស់ និងជាឧសគ្គសម្រាប់កម្ពុជា ក្នុងនាមជាក្រុមការពារជើងឯកលើ Class សាំងផងដែរ។ អ្នកប្រណាំងពោរពេញដោយបទពិសោធន៍ បញ្ជាក់ទៀតថា ឆ្នាំនេះ កីឡាករប្រណាំងកើនឡើង ផ្លូវប្រណាំងក៏ថ្មី ការប្រជែងយកជើងឯកអាចពិបាកបន្តិច។
ដោយឡែកកីឡាករ សោម សុកុសល បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពប្រជែងធ្វើយ៉ាងណានាំយកចំណាត់ថ្នាក់ល្អ ខណៈការត្រៀមខ្លួនឆ្នាំនេះ ប្រសើរជាងឆ្នាំកន្លងទៅ។ រីឯកីឡាករ វង្ស គឹមហួត បានអះអាងថា ទោះពីការប្រជែងលើកនេះ ត្រូវឆ្លងកាត់ផ្លូវថ្មីមិនធ្លាប់ប្រណាំងក៏ដោយ ក៏ប្រឹងប្រែងការបង្ហាញផ្លូវដល់ដៃគូអោយបានល្អ យកជ័យជម្នះជូនកម្ពុជា។ សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំង Asia Cross Country Rally2019 ធ្វើការប្រណាំងលើចម្ងាយផ្លូវសរុបជាង ២,២០០ គីឡូម៉ែត្រ ដោយឆ្លងកាត់ ប្រទេសថៃ បញ្ចប់នៅមីយ៉ាន់ម៉ា ក្នុងនោះកម្ពុជាបញ្ជូនរថយន្ត៥គ្រឿងចូលរួម រថយន្តប្រណាំង២គ្រឿង រថយន្តស៊ើវីស៣គ្រឿង៕ធ.ដ






