ក្រសួងការងារ និងអង្គការអន្ដរជាតិខាងការងារឯកភាពបន្តធ្វើការរួមគ្នាប្រាំឆ្នាំទៅមុខ ដើម្បីលើកកម្ពស់ឱកាសការងារសមរម្យសម្រាប់យុវជន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្ដរជាតិខាងការងារ (ILO) ឯកភាពគ្នាក្នុងការបង្កើតផែនទីបង្ហាញផ្លូវ រយៈពេលប្រាំឆ្នាំបន្តទៀត សម្រាប់អភិវឌ្ឍន៍នៃការអនុវត្តកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជាជំហានទី៣ (DEYIII)។

ការឯកភាពនេះ ធ្វើនៅក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក Felix Weidenkak អ្នកជំនាញខាងមុខរបរ និងការងារយុវជនថ្នាក់តំបន់ របស់អង្គការអន្ដរជាតិខាងការងារ (ILO) កាលពីថ្ងៃទី១ខែមិថុនា ឆ្នាំ ២០២៣។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីតាមដាន ត្រួតពិនិត្យវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី DEYII ដែលបានអនុវត្ដចាប់តាំងពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣ និងពិភាក្សាកំណត់ទិសដៅអាទិភាពនិងសូចនាករការងារសំខាន់ៗ នៅក្នុងអនុសាសន៍ ១៨ ចំនុច ដើម្បីធ្វើផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍកម្មវិធីដំណាក់កាលទី៣(DEYIII)សម្រាប់រយៈពេលប្រាំឆ្នាំបន្តទៀត។

ជាលទ្ធផល ភាគីទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃការអនុវត្តលទ្ធផលនៃការអនុវត្តកម្មវិធី DEYII កន្លងមក។ នេះបើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ប្រភពក្រសួងការងារ បានឱ្យដឹងទៀតថា៖«ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើតផែនទីបង្ហាញផ្លូវ (Roadmap) សម្រាប់អភិវឌ្ឍកម្មវិធី DEYIII ឆ្នាំ២០២៤-២០២៨ ឱ្យកាន់តែ ប្រសើរថែមទៀត ដើម្បីបន្តបង្កើន និងលើកកម្ពស់ឱកាសការងារសមរម្យសម្រាប់យុវជន។ ក៏ដូចជាចូលរួមអនុវត្តគោលនយោបាយបណ្តុះបណ្តាលជំនាញកម្រិត១ (C1) ដល់យុវជនចំនួន ១.៥ លាននាក់របស់រាជរដ្ឋាភិបាលស្របតាមចក្ខុវិស័យ “ពលរដ្ឋម្នាក់ត្រូវតែមានជំនាញមួយ”។

ពាក់ព័ន្ធការអនុវត្តកម្មវិធី(DEY) ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់លើកឡើងថា ការអនុវត្តកម្មវិធី DEY ដំណាក់ទី២នេះ និងដំណាក់កាលបន្តបន្ទាប់ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការសម្រេចបានគោលដៅរបស់កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍដោយចរីភាព (SDG) ជាពិសេសគោលដៅទី៨។

ឯកឧត្តមបញ្ជាក់ថា «ខ្ញុំចង់ឃើញវត្ដមានកម្មវិធី DEY ដំណាក់កាលទី៣ ព្រោះខ្ញុំជឿជាក់យ៉ាងមុតមាំថាកម្មវិធី DEY ពិតជាឆ្លើយតប និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់ប្រទេសកម្ពុជាបន្ថែមទៀត»៕ ដោយ៖ សុខ រក្សា

ads banner