យុវតីបីរូបកែច្នៃទឹកសណ្តែកលក់ក្នុងទូអគ្គិសនីដែលអតិថិជនអាចទិញដោយការស្កែនខ្យូអរកូដបាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សណ្តែកគឺជាអាហារពេញនិយមរបស់ប្រជាជននៅអាស៊ី ។សណ្តែកតែងត្រូវបានគេយកទៅច្នៃធ្វើជាអាហារ និងភេសជ្ជៈផ្សេងៗ ដោយសារវាផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព។

នៅកម្ពុជា ទឹកសណ្ដែក ជាភេសជ្ជៈមួយប្រភេទដែលប្រជាពលរដ្ឋ តែងនិយមធ្វើទទួលទាននៅតាមផ្ទះ និងពលរដ្ឋខ្លះទៀតធ្វើជាមុខរបរចិញ្ចឹមជីវិតបន្តិចបន្តួច។

ក្នុងបរិបទនេះមានយុវតីខ្មែរបីរូប ដែលជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជំនាញវិស្វកម្មគីមី និងចំណីអាហារ បានចាប់ដៃគ្នាកែច្នៃសណ្តែកចេញជាភេសជ្ជៈមួយប្រភេទដែលមានឈ្មោះថា «អូនសណ្តែក» ដោយបានដាក់លក់ក្នុងទូអគ្គិសនី និងលក់តាមអ៊ីនធឺណិត។

កញ្ញា អ៊ុង រង់ផលទេវី ជាសហស្ថាបនិក និងតំណាងឱ្យកូនអាជីវកម្មមួយនេះបានឱ្យដឹងថា «អាជីវកម្ម អូនសណ្តែក» ផ្តើមចេញពីកិច្ចការសាលាដែលអ្នកគ្រូបានដាក់ឱ្យ គឺការដាក់ស្នើគំនិតកែច្នៃចំណីអាហារណាមួយ។ ពេលនោះពួកខ្ញុំនឹកឃើញថាបើកែច្នៃសណ្ដែកប្រហែលជាល្អ ក៏សិក្សាយកទៅធ្វើបទបង្ហាញដល់អ្នកគ្រូ ។អ្នកគ្រូគាត់ពេញចិត្ត គាត់ក៏បានជំរុញឱ្យពួកខ្ញុំធ្វើគម្រោងនេះបន្ត រហូតទទួលបានជំនួយថវិកាពីធនាគារពិភពលោក សាលាផ្ទាល់ និងក្រសួងអប់រំយុវជន និងកីឡា»។

កញ្ញា អ៊ុង រង់ផលទេវី បានរៀបរាប់ថា «អូនសណ្តែក» ត្រូវបានបង្កើតដោយនិស្សិតស្រីវ័យក្មេងបីរូបគឺ កញ្ញាផ្ទាល់ និងមិត្តភក្តិ ឈ្មោះ វឿត សុខតី និង អូន វឌ្ឍនា ដែលសុទ្ធតែជានិស្សិតឆ្នាំទី៥ នៃវិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជាដូចគ្នា និងរៀនជំនាញ គីមីចំណីអាហារដូចគ្នា ។ចំណែកឈ្មោះ «អូនសណ្ដែក» នេះគឺជាពាក្យតំណាងឱ្យស្ថាបនិកស្ត្រីទាំងបីនិងសណ្ដែកតំណាងឱ្យសណ្ដែកគ្រប់ប្រភេទ ដែលជារួម ឈ្មោះនេះមានន័យថា ស្ត្រីដែលកែច្នៃសណ្ដែក។

រវល់សិក្សាផង និងធ្វើសារណាបញ្ចប់ឆ្នាំសិក្សាផង កញ្ញា អ៊ុង រង់ផលទេវី បានឱ្យដឹងថាខ្លួនបានដោះស្រាយបញ្ហាការលក់ពីការប្រើទូធម្មតា មកប្រើទូអគ្គិសនីដែលអតិថិជនអាចធ្វើការទិញដោយប្រើប្រាស់បច្ចេកវិទ្យា ដោយស្កែនខ្យូអរ កូដ( QR Code) ដើម្បីធ្វើការបង់ប្រាក់នោះទឹកសណ្តែកនឹងរមៀលចុះមកក្រោម និងការលក់តាមអនឡាញគឺតាមរយៈហ្វេសប៊ុក។

កញ្ញា ទេវី បានរៀបរាប់ឱ្យដឹងទៀតថា ការដាក់នៅក្នុងម៉ាស៊ីនអគ្គិសនី គឺជាការសហការគ្នារបស់ ក្រុមកញ្ញា និងក្រុមអគ្គិសនីរបស់សាលា ដោយសារម៉ាស៊ីននេះផលិតនៅក្នុងសាលាផ្ទាល់តែម្តង។ ចំណែកទៅថ្ងៃមុខ កញ្ញាថា ក្រុមរបស់នាងនឹងមានគម្រោងពង្រីកចេញឱ្យបានច្រើន ពោលដាក់ទូនេះបន្ថែមនៅតាមសាលារៀនដទៃ និងតាមមន្ទីរពេទ្យជាដើម។

កញ្ញា ទេវី បញ្ជាក់ថា ៖ «សម្រាប់គម្រោងមិនមែនរៀនចប់គឺចប់នោះទេ បើទោះបីជារៀនចប់ទៅហើយក្ដី ក៏ពួកយើងមានគម្រោងបើកបន្តទៅជាអាជីវកម្មខ្នាតតូចមួយ ដោយបច្ចុប្បន្ននេះពួកខ្ញុំកំពុងត្រៀមខ្លួនផងដែរ ដើម្បីអភិវឌ្ឍន៍ផលិតផលឱ្យកាន់តែមានគុណភាពជាងនេះទៅទៀត ដោយសមាជិករបស់ខ្ញុំម្នាក់កំពុងសិក្សាបន្ថែមថាធ្វើយ៉ាងណាដើម្បីឱ្យរក្សាទុកបានយូរជាងនេះ និងធានាថាវាគ្មានសារធាតុរក្សាទុកដែលប្រើគីមី ពោលគឺប្រើវិធីសាស្ត្រគីមីចំណីអាហារមួយបែបផ្សេងទៀត។

ជានិស្សិតចំណីអាហារ កញ្ញាបានរៀបរាប់ឱ្យដឹងពីលក្ខណៈពិសេសនៃទឹកសណ្តែករបស់ខ្លួនថា ៖ «បើយើងមើលពីក្រៅវាអត់ខុសគ្នាទេ មនុស្សគ្រប់គ្នាក៏អាចធ្វើបានដែរ ប៉ុន្តែជាក់ស្ដែងវាខុសគ្នា ដោយសារក្រុមយើងជានិស្សិតគីមីចំណីអាហារផ្ទាល់។ ដូច្នេះបច្ចេកទេសក្នុងការកែច្នៃផលិតផលមានលក្ខណៈប្លែកពីអ្នកផលិតទូទៅ ដែលវាស្តែងចេញតាមរយៈគុណភាព និងការមិនប្រាស់សារធាតុគីមី ក្នុងគ្រឿងផ្សំណាមួយ»។

កញ្ញា ទេវី បានឱ្យដឹងទៀតថា ភេសជ្ជៈ «អូនសណ្តែក» មានតម្លៃក្នុងមួយដប តម្លៃបីពាន់រៀល ដោយមានចំណុះ ៣៣០ មីលីលីត្រ និងអាចលក់បានក្នុងបរិមាណចន្លោះពី ៤០០-២ ០០០ ដបក្នុងមួយខែ។

កញ្ញា ទេវី បញ្ជាក់ថា៖ «សម្រាប់តម្រូវការគឺតាមខែ ឧទាហរណ៍ដូចជាខែនេះសាលា មានកម្មវិធីច្រើនយើងលក់ចេញបានខ្ទង់ពាន់ដបត្រឹមប៉ុន្មានថ្ងៃ។ ចំណែកខែខ្លះវិញដូចជាកំឡុងពេលស៊ីហ្គេម គឺអត់មានសិស្សសោះតែម្ដង ហើយការកុម្ម៉ង់ពីខាងក្រៅក៏មិនសូវមានខ្លាំងដែរ»។

ទាក់ទិន នឹងការផលិត និស្សិតវិស្វកម្មគីមី និងចំណីអាហារ រូបនេះបានឱ្យដឹងថា ដោយសារឥឡូវនេះមានការកុម្ម៉ង់ច្រើន យើងធ្វើតែបីនាក់អត់ទាន់ទេ ។ណាមួយត្រូវរៀន និងធ្វើសារណាបញ្ចប់ឆ្នាំសិក្សាផង។ ដូច្នេះហើយពួកកញ្ញាត្រូវការអ្នកជួយ គឺសិស្សប្អូន ដែលមានឆ្នាំទី៣ និងទី៤ មកជួយ សរុប ១៣នាក់ បូករួមទាំងពួកកញ្ញាផង គឺ ១៦នាក់ជាកម្លាំងក្នុងការផលិត៕ ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner