សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យទប់ស្កាត់ និងបង្រ្កាបការកាប់ព្រៃឈើ ទន្ទ្រានយកដីពីសំណាក់ជនខិលខូច

ភ្នំពេញ៖ តាមរយៈសារពិសេសដែលទទួលបាននៅលើបណ្ដាញតេលេក្រាម នៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាដល់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ធ្វើការទប់ស្កាត់ជាបន្ទាន់ ចំពោះជនខិលខូច ដែល លួចកាប់ ទន្ទ្រាន ព្រៃដើម្បីយកដីរដ្ឋ ខណៈរាជរដ្ឋាភិបាលកំពុងជាប់រវល់មមាញឹកទាក់ទងនឹងកិច្ចការងារបោះឆ្នោតនោះ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា សូមដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដើម្បីចាប់យកមេខ្លោងទាំងឡាយ ដែលបំពានច្បាប់ (ទន្ទ្រានព្រៃយកដីរដ្ឋ) ទាំងនោះយកមកផ្តន្ទាទោសទៅតាមច្បាប់ ខណៈរឿងនេះមិនអាចលើកលែង និងយោគយល់ ដើម្បីគ្រាន់តែសន្លឹកឆ្នោតសម្រាប់មនុស្សប៉ុន្មាននាក់នេះទេ ហើយភាគីពាក់ព័ន្ធទាំង អស់ត្រូវធ្វើកិច្ចការ នេះដើម្បី ការពារនូវធនធានធម្មជាតិ ព្រៃឈើ និងដីធ្លីរបស់រដ្ឋជាដើម។

សម្តេចបានសង្កត់ធ្ងន់ទៀតថា «យើងមិនអាចយោគយល់ចំពោះសកម្មភាពណាដែលល្មើសច្បាប់នៅក្នុងពេលវេលា ដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់ ហើយខ្ញុំក៏សូមអំពាវនាវអ្នកមានអំណាច និងមានប្រាក់ដែលឈរពីក្រោយខ្នង នៃជនខិលខូច ឬប្រើប្រាស់ជនខិលខូចដើម្បីទៅទន្រ្ទានយកដីរដ្ឋ ឲ្យដកខ្លួនចេញជាបន្ទាន់ ប្រសិនបើមាន ការស្រាវជ្រាវរកឃើញថាមានការពាក់ព័ន្ធជាប់ជាមួយនឹងមន្រ្តីណា ឬអ្នកប្រាក់ណាក៏ដោយ រាជរដ្ឋាភិបាល នឹងមិនអត់ឱន ហើយក៏មិនលើកលែងចំពោះសកម្មភាពនៅពីខាងក្រោយខ្នងនោះផងដែរ»។

សម្តេចតេជោ បានបន្ថែមទៀតថា «ទទួលបាននូវបទបញ្ជានេះ សូមឯកឧត្តម លោកជំទាវចាត់វិធានការជាបន្ទាន់ បញ្ជូនកម្លាំងដើម្បីបង្រ្កាបនូវភាពអនាធិបតេយ្យ ក្នុងការកាប់ទន្រ្ទានយកដីរដ្ឋ ដីព្រៃ កាប់បំផ្លាញព្រៃឈើ ដើម្បីយកដីធ្លី ដោយត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ ដោយមិនត្រូវពន្យាពេល ហើយកិច្ច ការងារនេះត្រូវធ្វើដូចជាភ្លៀងរលឹម មិនអាចឲ្យកើតឡើងងើបឡើងសាជាថ្មី ដើម្បីបំផ្លាញ់ព្រៃឈើ និងដីធ្លី របស់រដ្ឋនោះឡើយ»។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវយ៉ាងទទួចដល់បងប្អូន ប្រជាពលរដ្ឋទំាងអស់ សូមកុំទៅទន្ទ្រានយកដីរបស់រដ្ឋឲ្យសោះ ដោយករណីនេះរាជរដ្ឋាភិបាល នឹងចាត់វិធាន ការក្តៅដោយគ្មានការលើកលែងនោះឡើយ៕ ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner