សម្ដេចតេជោ ហ៊ុន សែន៖ ហេដ្ឋាសម្ព័ន្ធផ្លូវថ្នល់ដែលកម្ពុជា កសាងបានច្រើន ជាមូលដ្ឋានទាក់ទាញអ្នកវិនិយោគ ដើម្បីបង្កើនការងារ និងប្រាក់ចំណូល
កំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ហេដ្ឋាសម្ព័ន្ធផ្លូវថ្នល់ដែលកម្ពុជាកសាងបានច្រើន ជាមូលដ្ឋានទាក់ទាញអ្នកវិនិយោគ មកក្នុងប្រទេសយើង ដើម្បីបង្កើនការងារ និងប្រាក់ចំណូលចូនប្រជាពលរដ្ឋ។ សម្ដេចបន្តថា យើងខិតខំទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាល បានកសាងហេដ្ឋារចនាសម្ព័ន្ធ។
សម្តេចតេជោ បានរំលឹកថា ឥឡូវនេះ ក្មួយៗមកធ្វើការងាយស្រួលជាងមុន កាលពីមុនផ្លូវមិនងាយស្រួលដូចឥឡូវទេ។ សម្ដេច បញ្ជាក់ថា ហេដ្ឋាសម្ព័ន្ធផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកសាងច្រើន គឺជាមូលដ្ឋានមួយសម្រាប់ទាក់ទាញអ្នកវិនិយោគមកបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាយើង ដើម្បីបង្កើនការងារ និងប្រាក់ចំណូល។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា នៅខែកុម្ភៈ ឆ្នាំ១៩៩៩ ពេលនោះ គឺវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជនជាតិលើកដំបូង បានចាប់ផ្តើម ដែលសម្ដេចបានដាក់ចេញនូវអនុសាសន៍ថា បណ្ដារោងចក្រមួយចំនួនត្រូវតែដាក់ទៅតាមបណ្ដាខេត្ត យើងមិនអាចប្រមូលផ្ដុំគ្នាតែទីក្រុងភ្នំពេញទេ។
ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងក្នុងការស្វែងរកការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយប្រឆាំងដាច់ខាតចំពោះក្រុមមួយចំនួនដែលបំផ្លាញឆ្នាំងបាយរបស់កម្មករកម្មការិនី អំពាវនាវឲ្យបរទេសឈប់ទិញទំនិញពីកម្ពុជា ដូច្នេះយើងប្រឆាំងដាច់ខាតចំពោះទង្វើទាំងនោះ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



