យុវជនស្ម័គ្រចិត្ត ពៅ ភនិតា បញ្ជាក់អំពីគោលបំណងក្នុងការចូលរួមជា យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
ភ្នំពេញ៖ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងជាប្រវត្តិសាស្រ្តនៃការរៀប ចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយឬ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ត្រូវបានកត់ សម្គាល់ឃើញនូវការ ចូលរួមយ៉ាងសកម្មផុលផុស ដោយក្រុមយុវជនស្ម័គ្រចិត្ត ជិតមួយម៉ឺននាក់។ ពិសេសក្រុមយុវជនមកពីសហភាពសហព័ន្ធយុវជន កម្ពុជា ឬ ស.ស.យ.ក ។ក្នុងចំណោមនេះយុវជនស្ម័គ្រចិត្ត កញ្ញា ពៅ ភនិតា បានបង្ហាញអារម្មណ៍ពិតថា ការចូលរួមដោយស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្ត ទាំងពីរនេះ កញ្ញាមានគោល បំណងតែមួយគត់គឺចង់ ចូលរួម ចំណែកឱ្យកម្ពុជាជោគជ័យ។
ជួបជាមួយអ្នកយកព័ត៌មានទូរទស្សន៍អប្សរា កញ្ញា ពៅ ភនិតា ដែល ស្ថិតនៅក្នុងក្រុមយុវជនស្ម័គ្រចិត្តបានឱ្យដឹងពីមូលហេតុ ដែលកញ្ញា ចូលរួម បំពេញការងារដោយស្ម័គ្រចិត្តជួយដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះគឺកញ្ញាមាន គោលបំណងតែមួយគត់ចង់ក្លាយជាផ្នែកមួយជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តទាំងពីររៀបចំនៅកម្ពុជាឱ្យទទួលបានជោគជ័យ។
កញ្ញាបន្តដោយទឹកមុខរីករាយថា ការទទួលបានឱកាសជាប់ជាយុវជន ស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ទាំងពីរនេះ ក្នុងចំណោមយុវជនជិត មួយម៉ឺននាក់ កញ្ញាពិតជាមានមោទកភាពនិងសប្បាយចិត្តខ្លាំងណាស់ ។ នៅក្នុងបេសកម្មជា យុវជនស្ម័គ្រចិត្តក្នុង ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នេះ កញ្ញា បានប្តេជ្ញាចិត្តថា នឹងទទួលខុសត្រូវបំពេញការងារដោយភាពរួសរាយ រាក់ទាក់ ស្វាគមន៍ ចំពោះភ្ញៀវដែលជាប្រតិភូកីឡាដោយ ក្តីគោរពស្រលាញ់ ដើម្បី បង្ហាញ ពីអត្តសញ្ញណជាតិខ្មែរ ពិសេសចង់បង្ហាញឱ្យភ្ញៀវបរទេសឃើញថា យុវជនខ្មែរមានទាំងចំណេះដឹងអត្តចរិតទន់ភ្លន់សុភាពរាបសារគួឱ្យស្រលាញ់ ដែលការចូលរួមទាំងអស់នេះហើយ គឺជាការ ទាក់ទាញឱ្យភ្ញៀវនឹង ត្រឡប់មក កម្ពុជាទៀត ក្រោយបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
ជាការពិតណាស់! ការចូលរួមជាយុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ទាំងពីរ នេះមិនមែនងាយស្រួលដូចជាធ្វើដំណើរទេសចរនោះទេ។ ការងារ បានជួប លំបាកបន្តិច បន្តួចពាក់ព័ន្ធនឹងអាកាសធាតុក្តៅ ការហេវហត់ជាដើម។ ប៉ុន្តែក្នុងនាមជាយុវជនប្រទេសម្ចាស់ ផ្ទះមិន បោះបង់ការងារ នោះទេគឺត្រូវតែ ជួយឱ្យចប់ចុងចប់ដើម។ ដោយមិនស្ទើរទាក់កញ្ញាបានបញ្ជាក់ថា ការចូល រួមជា យុវជនស្ម័គ្រចិត្ត ក្នុងព្រឹត្តិការណ៍ខាងលើនេះ យុវជនស្ម័គ្រចិត្តទាំង អស់ទទួលបានបទពិសោធន៍ច្រើន ដូចជាចេះធ្វើការងារសហការគ្នាជាក្រុម។ សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែរ ក្រុមយុវជនស្ម័គ្រចិត្តទាំងក្មេង ទាំងចាស់ គឺបានលះបង់មែនទែន សូម្បីតែការសិក្សាពេលខ្វះសុខ ចិត្តដាក់ច្បាប់មករួមគ្នាធ្វើការ ដើម្បីភាពជោគជ័យក្នុងព្រឹត្តិការណ៍ ទាំងពីរនេះ។
សូមជម្រាបថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែល កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ នឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី៩ ខែ មិថុនា បន្ទាប់ពី បានបើកជាផ្លូវការកាលពីថ្ងៃទី៣ ខែមិថុនា។ សម្រាប់ព្រឹត្តិការណ៍ ទាំងមូល មានការចូលរួមពីយុវជនស្ម័គ្រចិត្តជួយការងារ ជិត មួយម៉ឺននាក់៕
រូបភាពៈ ជីម ភារ៉ា អត្ថបទៈ ជាវ ចន្ធូ



