អ៊ុយក្រែន ​ច្រាន​ចោល​ការ​រាយការណ៍​ថា ​ខ្លួន​នៅ​ពី​ក្រោយ​ខ្នង​ការ​វាយ​ប្រហារ​បំពង់​បង្ហូរឧស្ម័ន​​ Nord Stream

​​កៀវ៖ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ វ្ល៉ូឌីមៀរ​ ហ្សេលេនស្គី  បានថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ ទី​០៧ ខែ​មិថុនា​ ថា​ អ៊ុយក្រែន​មិន​ដឹង​អ្វី​ពាក់​ព័ន្ធ​ទៅ​​នឹង​ការ​បំផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័នNord Stream ​​នោះ​ទេ​។ការថ្លែងនេះចំ​ពេល​មាន​ការ​រាយការណ៍​ដោយ​ស្រង់​ព័ត៌មាន​​បែក​ធ្លាយ​ពី​ចារកម្ម​អាមេរិក​ថា​​​ក្រុង​កៀវ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​​។

​លោក​ ហ្សេលេនស្គី​ បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត​​អាល្លឺម៉ង់​​  Bild Daily ថា​ ​​ក្នុង​នាម​ជា​ប្រធានាធិបតី​ លោក​មាន​អំណាច​ក្នុង​ការ​ចេញ​បញ្ជា​ ប៉ុន្តែច្រាន​ចោល​ថា​​ «​​ខ្ញុំ​មិន​បាន​ចេញ​បញ្ជា​ឱ្យ​ធ្វើ​ការ​ដូច​នោះ​ទេ​»។ ​លោក​បន្ត​ថា​៖ «​​ខ្ញុំ​ជឿថា​កង​ទ័ព​របស់​យើង​ និង​សេវា​ស៊ើបការណ៍​សម្ងាត់​របស់​យើង​ មិន​បាន​ធ្វើ​អ្វី​ដូច​នោះ​» ដោយ​បន្ថែម​ថា​ លោក​ចង់​ឃើញ​ភស្តុតាង​លើ​ការ​ចោទ​ប្រកាន់​អ៊ុយក្រែន​។ ​លោក ហ្សេលេនស្គី​ បាន​សង្កត់​ធ្ងន់​បន្ថែម​ថា​​៖ ​«​​យើង​​មិន​​ដឹង​​អ្វី​​សោះ ​១០០ ​ភាគ​រយ​​»។

គួរ​បញ្ជាក់​ថា​ ការ​ច្រាន​ចោល​របស់​លោក​ ហ្សេលេនស្គី​ ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ បាន​រាយការណ៍​​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​ស្រង់​ព័ត៌មាន​បែក​ធ្លាយ​ពី​ចារកម្ម​អាមេរិក​ ថា​​ ​ទីភ្នាក់ងារ​​ស៊ើបការណ៍​​អឺរ៉ុប​បាន​ប្រាប់​ភ្នាក់ងារ​​ស៊ើប​ការ​សម្ងាត់​​អាមេរិក​ CIAថា​ ខ្លួន​ដឹង​ពី​ក្រុម​ប្រតិបត្តិការ​ពិសេស​របស់​អ៊ុយក្រែន​ គ្រោង​នឹង​បំផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន​ Nord Stream ​។​

​វ៉ាស៊ីនតោន​ប៉ុស្តិ៍ បាន​ផ្សាយ​ថា​ ការ​ព្រមាន​​នេះ​​ធ្វើ​​ឡើង​​បី​ខែ​មុន​ការ​ផ្ទុះ​បាន​កើត​ឡើង​​ដោយ​ថា​ ​​​អ្នក​មុជ​ទឹក​យោធា​អ៊ុយក្រែនដែល​ប្រាប់​ព័ត៌មាន​ដោយ​ផ្ទាល់​ទៅ​អគ្គ​មេ​បញ្ជាការ​យោធា​របស់​ប្រទេស​ កំពុង​រៀប​ចំ​ផែនការ​វាយ​ប្រហារ​នោះ​។

គួរ​រំឭក​ថា​ ​បំពង់​បង្ហូរ​ឧស្ម័ន​ Nord Stream 1 និង​ 2 ​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ដើម្បី​បង្ហូរ​​ឧស្ម័ន​ធម្មជាតិ​ពី​​រុស្ស៊ី​ទៅ​កាន់​​អាល្លឺម៉ង់​ឆ្លង​កាត់​សមុទ្រ​បាល់​ទិក​ ត្រូវ​បាន​បំផ្ទុះ​ឱ្យ​​ធ្លាយ​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​មុន។ ​​ការ​​បំផ្លិច​​បំផ្លាញ​​នេះ​​ ​​បាន​បង្ក​ឱ្យ​មាន​ភាព​អាសន្ន​ទូទាំង​តំបន់​ ដោយ​សារ​វា​កាត់​ផ្តាច់​ការ​ផ្គត់​ផ្គង់​ថាមពល​សំខាន់​ៗ​សម្រាប់​អឺរ៉ុប​ ​ចំ​ពេល​ដែល​សង្រ្គាម​នៅ​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​តម្លៃ​ថាមពល​ខ្ពស់​ស្រាប់​ហើយ​។ ​ក្រោយ​​ផ្ទុះ​ប្រទេស​បី​ធំ​ៗរួម​មាន ​រុស្ស៊ី​ អាមេរិក​ និង​អ៊ុយក្រែន​ រង​ការ​ចោទ​ប្រកាន់​ថា​នៅ​ពី​ក្រោយ​ខ្នង​ ​ប៉ុន្តេ គ្មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ផ្លូវការ​ ពី​សំណាក់​រដ្ឋាភិបាល​ណា​មួយ​នោះ​ទេ​៕​ប្រែសម្រូល៖ ហួន ឌីណា

ប្រភព​៖  Zelenskyy denies Ukraine behind Nord Stream blasts  https://www.channelnewsasia.com/world/zelenskyy-denies-ukraine-behind-nord-stream-blasts-3547076

ads banner