​កាកបាទក្រហមកម្ពុជាបន្ត​ប្រតិបត្តិការមនុស្សធម៌ទៅតា​ម​ផែនការអភិវឌ្ឍឆ្នាំទី២ និងឆ្នាំទី៣ នៃយុទ្ធសាស្ត្រ ២០២១-២០៣០លើ​វិស័យអាទិភាព​ទាំងបួន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កាកបាទក្រហម​កម្ពុជានឹង​ប្រើប្រាស់មូលនិធិ​ជាង១៣លានដុល្លារ ដែលទទួល​បាន​ពី​​​យុទ្ធនាការកៀរគររកមូលនិធិ តាមរយៈប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម»​ ក្នុង​ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ សម្រាប់​ប្រតិបត្តិការមនុស្សធម៌ទៅតា​ម​ផែនការអភិវឌ្ឍឆ្នាំទី២ និងឆ្នាំទី៣ នៃយុទ្ធសាស្ត្រ ២០២១-២០៣០។

យោងតាម​សេចក្តីប្រកាសព័ត៌មានថ្ងៃទី​៧ ខែមិថុនា ឆ្នាំ ២០២៣បានឱ្យដឹងថា ​គិត​​មកដល់ ថ្ងៃទី១ ខែមិថុនា​ថ្នាក់កណ្តាលបានទទួលសម្ភារៈនិងថវិកា​ពីសប្បុរសជន៩៩៩ អង្គ/នាក់ មានមូលនិធិសមមូលជាដុល្លារអាម៉េរិក ចំនួនជាង ១៣,៩លានដុល្លារអាម៉េរិក។ ​ឯ​នៅតាមសាខាខេត្តចំ​នួន ២៤ទៀត ក៏បាន​និងកំពុងដំណើរ​ការ កៀរគររកមូលនិធិតាមលទ្ធភាពរៀងៗខ្លួន។​

កាកបាទក្រហមកម្ពុជា បាន​លើកឡើងថា ៖ «​​កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើ​ប្រតិបត្តិការមនុស្សធម៌ទៅតាមផែនការអភិវឌ្ឍឆ្នាំទី២ និងឆ្នាំទី៣ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ ទៅលើ​វិស័យអាទិភាព​ទាំង ៤ ដែល​បាន​កំណត់»។

វិស័យអាទិភាពទាំងនោះរួមមាន៖ ​ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, ការអប់រំថែទាំសុខភាពតាមសហគមន៍, ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ សុខុមាលភាពសង្គម និងការអភិវឌ្ឍស្ថាប័ន/អភិវឌ្ឍសាខា។

សេចក្តីប្រកាសព័ត៌មាន​បាន​បន្តថា ៖ «​គ្រួសារ​ងាយរងគ្រោះបំផុតជាង ១២ ម៉ឺនគ្រួសារ ទទួលផលដោយផ្ទាល់ពីការផ្ដល់អំណោយសម្រាលជីវភាព, ការកសាងសមិទ្ធផល​ផ្ទះស្នាក់អាស្រ័យ, ​កន្លែងលាងសម្អាតដៃ,បង្គន់អនាម័យ, អណ្ដូងទឹកស្អាត​ជាដើម»។

ប្រភពដដែល​បន្តថា ៖ «លើសពីនេះទៅទៀត កាកបាទក្រហមកម្ពុជា បានពង្រីកការផ្ដល់ទុនប្រាក់កម្ចីឥ​តការប្រាក់ចំនួន ៥៤៣គ្រួសារបន្ថែម ក្នុងឆ្នាំ២០២២ និងពង្រីក បន្ថែមទៀតនៅដើមឆ្នាំ២០២៣នេះចំ​នួន ២៦៧គ្រួសារ រួមជាមួយការបង្វិលប្រាក់ដើមទុនចាស់រំលស់មកវិញ សម្រេចបានសរុប ៨១០គ្រួសារ នៅតំបន់ប្រឈមនឹងគ្រោះថ្នាក់មីន ក្នុងខេត្តពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ និងព្រះវិហារ»។

ជាមួយគ្នានេះដែរ កាកបាទក្រហម​ក៏​​មាននូវ​ការ​អប់រំផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពីការប្រែប្រួលអា​កាសធាតុ, ការថែទាំសុខភាព​សាធារណៈ សុខភាពមាតា-ទារក កុមារ មនុស្សចាស់, ការយល់ដឹងពីជំងឺម​ហារីកសុដន់ មហារីកមាត់ស្បូន, ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដោយសារមីន ដែល​បានអប់រំ​ផ្ទាល់​បាន​ជាង ៥២ ម៉ឺនគ្រួសារ និងប្រយោលជាច្រើនម៉ឺនគ្រួសារទៀត។

កាកបាទក្រហមបានបញ្ជាក់ថា ៖ «កាកបាទក្រហមកម្ពុជា បានបន្តផ្តល់មូលនិធិ ១លានដុល្លារ ដែលឆ្នាំនេះ​ ជាលើកទី១២ ជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា និងផ្តល់ការ ឧបត្ថម្ភថវិកា និងស្បៀង តាមចំនួនសមស្របដល់មន្ទីរពេទ្យកុមារអង្គរ និងអង្គការ/សមាគម ចំនួន ២០ បានផ្តល់ថវិកាពីរលានដុល្លារ ដល់អាជ្ញាធរមីន និងបានជួយដល់គ្រោះរញ្ជួយដីនៅតួកគី ១០ម៉ឺនដុល្លារ»។

សូមបញ្ជាក់ដែរថា ឆ្នាំនេះ ជាឆ្នាំទី៤ហើយ ដែលកាកបាទក្រហមកម្ពុជា ពុំបានប្រារព្ធមិខ្ទីងថ្នាក់ជាតិអបអរទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា តែកាកបាទក្រហមកម្ពុជា បានយកឱកា​សនៃខួប១៦០ឆ្នាំ នៃទិវា ៨ ឧសភានេះ ធ្វើយុទ្ធនាការកៀរគររកមូលនិធិ។

យោងតាម​របាយការណ៍របស់​កាកបាទក្រហមកម្ពុជា គិត​ចាប់​ពី​ឆ្នាំ​២០១០ដល់ឆ្នាំ​២០២១ កាកបាទក្រហមកម្ពុជាបានសាងសង់ផ្ទះជូនជនចាស់ជរាគ្មានទីពឹង និង​ជនទីទ័លខ្លាំងបំផុតបានចំនួន​១២១៨ ខ្នង ដែលមានអ្នកទទួល​ផលចំនួន ១២១៨ គ្រួសារផងដែរ។

ប្រភពដដែល​បានបន្ត សម្រាប់ឆ្នាំ​២០២២ កន្លងទៅនេះ កាកបាទក្រហមកម្ពុជា បានប្រគល់​ផ្ទះដែល​បានសាងសង់រួចរាល់ចំនួន​១០៤ខ្នងបន្ថែមទៀតជូនចាស់ជរាគ្មានទីពឹង និង​ស្រ្តីមេម៉ាយក្រីក្រមានកូនច្រើ​ន៕ដោយ៖ នាង សុគន្ធា

ads banner