អាមេរិកផ្អាកជំនួយស្បៀងអាហារដល់អេត្យូពី សង្ស័យបង្វែរ យកទៅលក់ដូរ

ហ្សឺណែវ៖ នាយកផ្នែកគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោកបាននិយាយថា “យើងមិនអាចបំភ្លេចប្រជាជនអេត្យូពីបានទេ”។

នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) លោក មៃឃើល រ៉ៃអែន (Michael Ryan) បានមានប្រសាសន៍ថា “នៅពេលដែលពិភពលោកឆ្ពោះទៅរកជម្លោះបន្ទាប់ [… ] យើងមិនអាចបំភ្លេចប្រជាជនអេត្យូពីបានទេ”។

លោក មៃឃើល រ៉ៃអែន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសុខភាពពិភពលោក នៅឯទីក្រុង ហ្សឺណែវ ប្រទេសស្វីស ថា “យើងត្រូវចងចាំថានៅក្នុងស្ថានភាពនេះ ដែលប្រជាជនងាយរងគ្រោះរួចហើយ ត្រូវបានប៉ះពាល់នឹងស្ថានភាពកាន់តែអាក្រក់” ។

ទីភ្នាក់ងារជំនួយអាមេរិក USAID បានផ្អាកជំនួយស្បៀងអាហារដល់ប្រទេសអេត្យូពី កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដោយលើកឡើងពី “យុទ្ធនាការរីករាលដាល និងសម្របសម្រួល” ដើម្បីបង្វែរការផ្គត់ផ្គង់ដែលបានបរិច្ចាគពីអ្នកខ្វះខាត ខណៈដែលរដ្ឋាភិបាលប្រទេសអេត្យូពី បានប្តេជ្ញាថា នឹងឃុំខ្លួនជនល្មើស ទាក់ទងនឹកការជួញដូរជំនួយទាំងនោះ។

ទីភ្នាក់ងារជំនួយអន្តរជាតិដ៏សំខាន់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (USAID) បាននិយាយថា “យើងបានធ្វើការសម្រេចចិត្តដ៏លំបាក ប៉ុន្តែចាំបាច់ដែលយើងមិនអាចឆ្ពោះទៅមុខជាមួយនឹងការចែកចាយជំនួយស្បៀងអាហារ រហូតដល់ការកែទម្រង់ត្រូវបានអនុវត្ត” ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “បំណងរបស់យើងគឺចង់បន្តជំនួយអាហារឡើងវិញភ្លាមៗ នៅពេលដែលយើងមានទំនុកចិត្តលើភាពសុចរិតនៃប្រព័ន្ធចែកចាយ ដើម្បីទទួលបានជំនួយដល់អ្នកទទួលដែលមានបំណង”។

ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីមានការប្រកាសដោយ USAID និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) កាលពីខែមុន ដើម្បីបង្កកជំនួយស្បៀងអាហារដល់ប្រទេសនេះ បន្ទាប់ពីទីភ្នាក់ងារទាំងនោះបានរកឃើញថា ការដឹកជញ្ជូនជំនួយនេះកំពុងត្រូវបានបង្វែរ ទៅទីផ្សារក្នុងស្រុក។ ប៉ុន្តែ ទាំង USAID និង WFP មិនបានកំណត់អត្តសញ្ញាណអ្នកដែលទទួលខុសត្រូវក្នុងការទទួលយកជំនួយ ទៅលក់នោះទេ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner