មន្រ្តីវប្បធម៌៖សុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ នឹងរួមចំណែកអភិវឌ្ឍន៍វិស័យវប្បធម៌ដ៏ផូរផង់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពី «សុខភាពជាចម្បង ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍វប្បធម៌ក្នុងយុគសម័យ ឌីជីថល ខណៈអ្នកតាមដានសង្គមយល់ឃើញថា សុខភាពគឺជាកត្តាសំខាន់សម្រាប់បន្តការអភិវឌ្ឍវប្បធម៌របស់កម្ពុជា។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រឹងសុខភាពដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរវប្បធម៌ រាជធានី-ខេត្ត និងមន្រ្តីទទួលបន្ទុកការងារយេនឌ័រតាមអង្គភាពមន្ទីរសរុបប្រមាណ១៣០នាក់។ នេះបើតាមក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ​​។

លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងចិត្រសិល្បៈ បានលើកឡើងថាការយល់ដឹងអំពីសុខភាពជាផ្នែកមួយ តែអ្វីដែលជាកិច្ចការចំពោះមុខដែលត្រូវបំពេញ គឺការចូលរួមប្រកប​ដោយថាមពលក្នុងការការពារ អភិរក្ស ថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ ឱ្យមានការរីកចម្រើនប្រកបដោយការច្នៃប្រឌិត ដោយឈរលើ ចំណេះដឹង ប្រពៃណី វប្បធម៌ ក្នុងការការពារទៅផលិត បង្កើតស្នាដៃ ការច្នៃប្រឌិត ស្តែងចេញពីចំណេះដឹងពីដូនតា ដែលជាមរតកមិនអាចកាត់ថ្លៃបាន។

លោកជំទាវបានបន្ថែមថា ៖ «ដើម្បីរក្សាបាននូវសុខសន្តិភាពនេះ យើងត្រូវពង្រឹងខ្លួនយើងឱ្យបានរឹងមាំ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យវប្បធម៌ដ៏ល្អផូរផង់របស់ដូនតាយើង នៅក្នុងយុគសម័យនៃរាជរដ្ឋាភិបាលឌីជីថល»។

ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព យល់ថា សុខភាពគឺជារឿងដ៏សំខាន់ ដែលឈានទៅដល់ការអភិវឌ្ឍវប្បធម៌នៅក្នុងយុគ្គសម័យឌីជីថលក៏ដូចជាយុគ្គសម័យផ្សេងៗទៀត។ លោកបន្តថា៖«ប្រសិនជាមនុស្សយើងមិនមានសុខភាពល្អ សុខភាពទន់ខ្សោយ។ អ៊ីចឹងៗយើងទៅអភិវឌ្ឍន៍វប្បធម៌ធ្វើម៉េចបាន»៕

ដោយ៖ ទិត្យ រានុពិចិត្រ

ads banner