ជប៉ុនជំរុញការថែទាំកុមារ និងកែទម្រង់ច្បាប់ការងារ ដើម្បីទប់ស្កាត់អត្រាកំណើតធ្លាក់ចុះនៅឆ្នាំ ២០៣០
តូក្យូ៖ ប្រទេសជប៉ុនមានគោលដៅធ្វើកំណែទម្រង់ច្បាប់ការងារ និងបន្ធូរបន្ថយសម្ពាធការងារសម្រាប់គូស្វាមីភរិយា ព្រមទាំងជំរុញការចែករំលែកការងារផ្ទះ ក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះខ្លាំង នៃចំនួនមនុស្សវ័យក្មេងនៅឆ្នាំ ២០៣០។
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បាននិយាយថា ប្រទេសជប៉ុនមានឱកាសចុងក្រោយមួយ ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃអត្រាកំណើត ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងសន្តិសុខសង្គម នៅមុនទសវត្សរ៍ឆ្នាំ ២០៣០។
លោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងបង្ហាញចក្ខុវិស័យចុងក្រោយ នៃគោលនយោបាយថែទាំកុមាររបស់លោក នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៣ ខែមិថុនាខាងមុខនេះ។ កំណែទម្រង់ច្បាប់ការងារ នឹងអនុញ្ញាតឱ្យកម្មករជ្រើសរើសទម្រង់ការងារ ដែលអាចបត់បែនបាន ដូចជាការសម្រាកបីថ្ងៃក្នុងមួយសប្តាហ៍ជាដើម។
បទប្បញ្ញត្តិបន្ថែមទៀតដែលត្រូវបានអនុម័តនៅក្នុងឆ្នាំសារពើពន្ធ ២០២៤ នឹងដាក់កំហិតលើការធ្វើការងារថែមម៉ោង។ សេចក្តីព្រាងផែនការខាងលើ ក៏នឹងស្វែងរកការកែតម្រូវ ការបន្ថែមម៉ោងធ្វើការដ៏វែងផងដែរ ដើម្បីឱ្យអាណាព្យាបាលអាចចែករំលែកកិច្ចការផ្ទះ ដោយមិនចាំបាច់ទម្លាក់បន្ទុកដោយអយុត្តិធម៌មកលើតែខាងម្តាយ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា




