សម្តេចក្រឡាហោម ស ខេង ៖ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណៈបក្សប្រជាជនគឺជាមូលដ្ឋានគ្រឺះនៃការរក្សាសន្តិភាព

ខេត្តព្រៃវែង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលស្រុកភ្នំព្រឹក មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ៥ ឆ្នាំ នៃនីតិកាលទី៦នេះ ។

សម្ដេចក្រឡាហោម ក៏បានលើកឡើងអំពីគុណបំណាច់នៃការរួមចំណែកដ៏ធំធេងរបស់និវត្តជន និងយោធិនទាំងអស់ក្នុងស្រុកភ្នំព្រឹក ដែលបានតស៊ូធ្វើពលិកម្មយ៉ាងលំបាកលំបិនដើម្បីបុព្វហេតុសន្តិភាព ការបង្រួបង្រួម និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ សម្ដេចបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្តនូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់វុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយៗទៀត ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។

សម្ដេចក៏បានគូសបញ្ជាក់បន្ថែមអំពីទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំបន្តទៀត ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដោយបានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ខាងមុខនេះ ដែលគ្រប់តួអង្គត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ ។

សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយជូនអតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន និងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងប្រគល់ជូនថវិកាដល់អង្គពិធីទាំងមូលផងដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner