អតិផរណារបស់ឡាវធូរស្រាលបន្តិចមកត្រឹម ៣៨.៨៦ភាគរយ ក្នុងខែឧសភា
វៀងចន្ទន៍៖ អត្រាអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងប្រទេសឡាវ បានធ្លាក់ចុះមកត្រឹម ៣៨.៨៦ភាគរយក្នុងខែឧសភា ធ្លាក់ចុះពី ៣៩.៨៩ភាគរយនៅក្នុងខែមេសា នេះបើយោងតាមការិយាល័យស្ថិតិឡាវ។
អត្រាអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងប្រទេសឡាវ បានធ្លាក់ចុះមកត្រឹម ៣៨.៨៦ភាគរយក្នុងខែឧសភា ឆ្នាំ២០២៣នេះ។
អត្រាអតិផរណារបស់ប្រទេសឡាវបានធ្លាក់ចុះបន្តិច មកនៅត្រឹម ៤០.៩៧ភាគរយក្នុងខែមីនា និង ៣៩.៨៩ភាគរយនៅក្នុងខែមេសា បន្ទាប់ពីប្រទេសឡាវបានឆ្លងផុតកម្រិតអតិផរណាដែលកត់ត្រាខ្ពស់បំផុត រហូតដល់ ៤១.២៦ភាគរយក្នុងខែកុម្ភៈ ឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគេហទំព័រការិយាល័យស្ថិតិឡាវ។
ក្នុងខែឧសភា ការឡើងថ្លៃទំនិញប្រើប្រាស់ ត្រូវបានជំរុញជាចម្បងដោយប្រភេទអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល ដែលបានកើនឡើង ៥២.៦៩ភាគរយ តាមពីក្រោយដោយសម្ភារៈថែទាំវេជ្ជសាស្រ្ដ និងឱសថ ៤០.៧៨ភាគរយ, សណ្ឋាគារ និងភោជនីយដ្ឋាន ៣៨.៧៣ភាគរយ, ទំនិញប្រើប្រាស់ក្នុងគ្រួសារ ៣៥.៦៥ភាគរយ និងប្រភេទសម្លៀកបំពាក់ និងស្បែកជើង ២៨.៣៤ភាគរយ។
ជាមួយគ្នានេះ រដ្ឋាភិបាលឡាវបានសន្យាថា នឹងរឹតបន្តឹងអត្រាប្តូរប្រាក់ និងការចំណាយ ក៏ដូចជាជំរុញប្រាក់ចំណូលក្នុងស្រុក ដើម្បីទប់ស្កាត់អត្រាអតិផរណា។ ចំណែកធនាគារកណ្តាលរបស់ប្រទេសឡាវ (BOL) ក៏បានប្រកាសនឹងបង្កើតនាយកដ្ឋានថ្មីមួយ ដើម្បីគ្រប់គ្រងរូបិយប័ណ្ណបរទេសនៅថ្ងៃទី០១ ខែមិថុនាខាងមុខ ក្នុងគោលបំណងត្រួតពិនិត្យលំហូរចូល និងលំហូរចេញនៃរូបិយប័ណ្ណបរទេស ក៏ដូចជាជំរុញការប្រើប្រាស់ប្រាក់គីបរបស់ឡាវឱ្យកាន់តែទូលំទូលាយ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា



