ក្រុមការងារសមាជិកសមាជិកាគណបក្សស្រុកបាទី ប្តេជ្ញានាំយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតខាងមុខនេះ
តាកែវ៖ ក្រុមការងារ និងសមាជិកសមាជិកាគណបក្សស្រុកបាទី ប្រកាសពីការប្តេជ្ញានាំយកជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព និងអភិវឌ្ឍកម្ពុជាឱ្យរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀតលើគ្រប់វិស័យ។

ការប្រកាសប្តេជ្ញានេះធ្វើឡើង កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងឱកាស ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទីជួបសំណេះសំណាល ជាមួយមន្រ្តីគណបក្សឃុំ ភូមិ និងអនុភូមិ ទូទាំងស្រុកបាទី សរុបប្រមាណ ៤២៦នាក់ ។

ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបាទី ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងលះបង់ខ្ពស់ចំពោះគណបក្ស។ ឯកឧត្តម បានជំរុញនិងលើកទឹកចិត្តសមាជិកបក្ស ទូទាំងស្រុកបាទីទាំអស់ ត្រូវបន្តធ្វើអំពើល្អបម្រើប្រជាពលរដ្ឋឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីជាការថ្លែងអំណរគុណជូនប្រជាពលរដ្ឋដែលបានផ្តល់សេចក្តីទុកចិត្តតាមរយៈការបោះឆ្នោតនាពេលកន្លងទៅ ។

ឯកឧត្តម បានលើកឡើងថា ដោយសារតែជំនឿទុកចិត្ត និងការជឿជាក់របស់ប្រជាពលរដ្ឋ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នៅគ្រប់ការបោះឆ្នោត ហើយជ័យជម្នះនេះក៏ដោយសារតែអំពើល្អដែលមន្ត្រីគ្រប់លំដាប់ថ្នាក់បានខិតខំ បំពេញប្រកបដោយការលះបង់ខ្ពស់និងដើម្បីបុព្វហេតុផលប្រយោជន៍ជាតិនិងប្រជាជន។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា សន្តិភាពដែលកម្ពុជាមានពេលនេះគឺរក បានមកដោយពិបាកដែលយើងទាំងអស់គ្នាចាំបាច់ត្រូវរួមគ្នាការពារសុខសន្តិភាពនេះឱ្យបានគង់វង្សចីរកាលសម្រាប់មនុស្សរាប់ជំនាន់ទៀត និងដើម្បីជាឱកាសសម្រាប់ជាតិនិងប្រជាជនបន្តអភិវឌ្ឍប្រទេសឱ្យរីកចម្រើនកាន់តែខ្លាំង។

ឯកឧត្តម បានអំពាវនាវដល់អង្គពិធីទាំងអស់ដែលបានចូលរួម សូមអញ្ជើញទៅបោះឆ្នោត និងជំរុញប្រជាពលរដ្ឋនៅមូលដ្ឋាន អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យទទួលបានជ័យជំនះ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា