មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលោក ស សាឡុងដេត សារភាពកំហុស (Video Inside)
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ស សាឡុងដេត បានសារភាពទោសកំហុសរបស់ខ្លួន តាមរយៈវីដេអូផ្សាយជាសាធារណៈមួយ ក្រោយសេចក្តីរាយការណ៍ការព្យាយាមគេចខ្លួន ដោយសារតែសម្តីចោទប្រកាន់ដាក់លើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម។
លោក ស សាឡុងដេត ត្រូវគេរាយការណ៍លោកបានព្យាយាមគេចខ្លួន ក្រោយការប្រើពាក្យសម្តីចោទប្រកាន់នោះ បន្ទាប់ពីគណៈកម្មការរៀបចំកីឡាស៊ីហ្គេម ត្រៀមនឹងដាក់ពាក្យប្តឹងចោទប្រកាន់លើលោក ស សាឡុងដេតនោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកាលពីព្រឹកថ្ងៃទី១៣មិថុនា អំពាវនាវលោក ស សាឡុងដេត កុំគេចខ្លួនរត់ចោលស្រុក។
ក្រោយប្រសាសន៍អំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល, លោក ស សាឡុងដេត និងអ្នកធ្វើដំណើរជាមួយគ្នាម្នាក់ បានថ្លែងសុំទោស ចំពោះភាពខុសឆ្គងរបស់ខ្លួន និងបានសន្យាផ្តាច់ខ្លួនចេញពីទណ្ឌិត សម រង្ស៊ី និងចេញពីគណបក្សភ្លើងទៀន ហើយស្នើសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក្រោយសម្តីសារភាពសុំទោសរបស់លោក ស សាឡុងដេត បានសរសេរតាមបណ្តាញសង្គមស្នើដល់ក្រសួងយុត្តិធម៌ សូមធ្វើការជាមួយដើមបណ្តឹង និងតុលាការ ដើម្បីបញ្ចប់រឿងក្តីរបស់ ស សាឡុងដេត តាមវិធីដែលអាចធ្វើទៅបាន។