លោកបណ្ឌិត គិន ភា៖ គំនិតផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់បោះឆ្នោតរបស់សម្តេចតេជោ ហ៊ុន សែន គឺឆ្លើយតបតម្រូវការសម្រាប់កម្ពុជា ក្នុងការអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ជុំវិញការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត គឺលោកសូមសម្តែងនូវការគាំទ្រទាំងស្រុងនៅគំនិតផ្តួចផ្តើម និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់បុគ្គលទាំងឡាយណាដែលមិនបានបំពេញកាតព្វកិច្ចទៅបោះឆ្នោត មុនពេលដែលខ្លួននឹងត្រូវឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ បុគ្គលនោះនឹងត្រូវបាត់បង់សិទ្ធិបោះឆ្នោត។ គំនិតផ្តួចផ្តើមនេះ គឺជាគំនិតផ្តួចផ្តើមមួយដ៏៏ត្រឹមត្រូវ នឹងឆ្លើយតបតម្រូវការសម្រាប់ព្រះរាជាណាចក្រកម្ពុជាក្នុងការអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។

លោកបានបន្តថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ វាមិនប៉ះពាល់ទៅដល់សិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងការសម្រេចថា ទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតនោះទេ។ ក៏ប៉ុន្តែវាជាការពង្រឹង និងលើកម្ពស់ដំណើរការប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសដើម្បីធ្វើឱ្យអ្នកដឹកនាំទាំងអស់ ទាំងថ្នាក់ដឹកនាំថ្នាក់ជាតិ ក៏ដូចជាថ្នាក់ដឹកនាំនៅថ្នាក់ក្រោមជាតិ ដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតមានការទទួលខុសត្រូវចំពោះជាតិ និងប្រជាជន។ ការទទួលខុសត្រូវនេះ គឺត្រូវចាប់ផ្តើមពីការអនុវត្តដោយខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលករណីកិច្ចរបស់ប្រជាពលរដ្ឋល្អគ្រប់រូបចំពោះប្រទេសជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ។

លោក គិន ភា យល់ឃើញថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតបែបនេះ គឺបង្កើតបាននៅមូលដ្ឋានច្បាប់គ្រប់គ្រាន់សម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងនិតិរដ្ឋនៅកម្ពុជា។ ដូចយើងបានដឹងហើយ ទាំងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ក៏ដូចជាច្បាប់ស្តីពីការបោះឆ្នោតគ្រប់ប្រភេទ គឺបានកំណត់អំពីការប្រើប្រាស់សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ។ ការប្រើប្រាស់សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ គឺត្រូវកំណត់ដោយច្បាប់។ លោកគិតថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺយើងបានបង្កើតនៅមូលដ្ឋានច្បាប់បន្ថែមទៀត សម្រាប់ការអនុវត្តដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋនៅប្រទេសកម្ពុជា។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា មូលដ្ឋានច្បាប់បែបនេះ គឺប្រការកំណត់ពីកាតព្វកិច្ចនៃការបោះឆ្នោតនេះ វាមិនមែនជារឿងមួយដែលខុសប្លែកពីប្រទេសប្រជាធិបតេយ្យធំៗនៅក្នុងពិភពលោកនេះទេ។ យើងកត់សម្គាល់ឃើញមានប្រទេសជាច្រើនក៏បានអនុវត្តនូវកាតព្វកិច្ចក្នុងការបោះឆ្នោត ដូចជា ប្រទេសអូស្ត្រាលី និងប្រទេសថៃ ក៏បានកំណត់នៅក្នុងច្បាប់ពាក់ព័ន្ធជាមួយនឹងកាតព្វកិច្ចនៃការបោះឆ្នោតនេះផងដែរ។ ស្មារតីដែលត្រូវធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺមិនបានចងជាកាតព្វកិច្ចដាច់ណាត់សម្រាប់ប្រជាពលរដ្ឋធម្មតាដែលមិនឈរឈ្មោះឱ្យគេបោះឆ្នោតក្នុងមុខតំណែងណាមួយដែលកើតចេញពីការបោះឆ្នោត ហើយអត់បានប៉ះពាល់ទៅដល់សិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។

លោក គិន ភា បានកត់សម្គាល់ឃើញថា ការធ្វើវិសោធនកម្មច្បាប់បែបនេះ គឺជាការលើកកម្ពស់នៅវប្បធម៌ប្រជាធិបតេយ្យ ដែលធ្វើឱ្យប្រជាធិបតេយ្យរបស់យើងមានភាពរស់រវើក គឺមានន័យថា ប្រជាពលរដ្ឋមានសិទ្ធិនៅក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន កំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួនតាមរយៈសន្លឹតឆ្នោត។ ដូច្នេះការកំណត់ធ្វើវិសោធនកម្មច្បាប់នេះ គឺជាការធ្វើឱ្យការប្រើប្រាស់សិទ្ធិដែលភ្ជាប់ជាមួយកាតព្វកិច្ចសម្រាប់អ្នកដែលត្រូវទទួលតំណែងដែលត្រូវបានគេបោះឆ្នោតឱ្យ។ វាកាន់តែធ្វើឱ្យប្រជាធិបតេយ្យរបស់យើង គឺមានលក្ខណៈទូលំទូលាយ កាន់តែធ្វើឱ្យមានលក្ខណៈបរិយាប័ន្ន កាន់តែធ្វើឱ្យមានការចូលរួមយ៉ាងសស្រាក់សស្រាំយ៉ាងរស់រវើកពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាពិសេសអ្នកដែលត្រូវឈរឈ្មោះឱ្យគេបោះឆ្នោត ដើម្បីឱ្យពួកគាត់ត្រូវដើរតួនាទីជាគំរូនៅក្នុងការប្រើប្រាស់សិទ្ធិ និងកាតព្វកិច្ច ដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ប្រភពដដែលបានបន្តថា វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺជាការទប់ស្កាត់បានយ៉ាងទាន់ពេលវេលាចំពោះក្រុមជ្រុលនិយមមួយចំនួនដែលមានចេតនាអាក្រក់ក្នុងការធ្វើវិទ្ធស្សនាការបោះឆ្នោតនៅកម្ពុជា ដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់ស្មារតីនៃការអនុវត្តសិទ្ធអធិបតេយ្យរបស់ប្រជាពលរដ្ឋ ដែលមានកំណត់នៅក្នុរដ្ឋធម្មនុញ្ញ។ ដូចយើងដឹងហើយថា ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា គឺត្រូវធ្វើឡើងក្នុងរយៈពេល៥ឆ្នាំម្តង។ ដូច្នេះការបង្កើតនូវវិទ្ធស្សនា ឬក៏ចេតនាអាក្រក់ណាមួយដែលប៉ះពាល់ទៅដល់ស្មារតីរបស់ប្រជាពលរដ្ឋនៅក្នុងការអនុវត្តនៅសិទ្ធិអធិបតេយ្យរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំប្រទេសជាតិនោះ គឺជាការដកហូតសិទ្ធិប្រជាពលរដ្ឋសម្រាប់រយៈពេល៥ឆ្នាំ ពីព្រោះឈរលើមូលដ្ឋាន នៃរដ្ឋធម្មនុញ្ញ ឈរលើគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស នៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋ គឺជាម្ចាស់អំណាច គឺជាអ្នកសម្រេចជោគវាសនាអនគាតប្រទេសជាតិ តាមរយៈការប្រើប្រាស់នូវឆន្ទៈនូវសិទ្ធិអធិបតេយ្យរបស់ខ្លួនតាមរយៈសន្លឹកឆ្នោតដែលពួកគាត់ត្រូវអនុវត្តដោយទៀងទាត់នៅរៀងរាល់៥ឆ្នាំម្តង។ លោកយល់ថា វាជាអាវុធដ៏មានប្រសិទ្ធភាពមួយក្នុងការទប់ស្កាត់នៅរាល់វិទ្ធស្សនាទាំងឡាយដែលមានចេតនាបំផ្លាញការបោះឆ្នោត។ លោកបានបញ្ជាក់ថា វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតនេះ គឺនឹងរួមចំណែកធ្វើឱ្យប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាកាន់តែរឹងមាំ និងធានានូវនិរន្តភាពជាតិ ធានានូវសន្តិភាព ស្ថេរភាព និងវិបុលភាពសម្រាប់ប្រជាជាតិកម្ពុជារបស់យើង៕
ដោយ៖ពលជ័យ

ads banner