សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការពារជាតិ។ ពិធីនេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកសារពត៌មានជាតិ អន្តរជាតិផងដែរ។

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកនាយសេនាធិការរង ស្នងការស្នងការដ្ឋានទាំង៧ មេបញ្ជាការគ្រប់បណ្ដាអង្គភាពដែលមានការពាក់ពន្ធ័នៅក្នុងផែនការ និងមានការភ្ជាប់ Vidéo conférence ពីបណ្ដាអង្គភាពរាជធានី ខេត្តពាក់ពន្ធ័ផងដែរ៕
ដោយ៖ពលលជ័យ

ads banner