សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមិទ្ធិផល និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា គ្មានគណបក្សណា អាចប្រៀបផ្ទឹមបាន
ខេត្តស្វាយរៀង ៖ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្ស ប្រជាជនកម្ពុជាក្រុងស្វាយរៀង ខេត្តស្វាយរៀង ចំនួន ជិត ៣.០០០នាក់ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានកសាងនូវសមិទ្ធិផល និងស្នាដៃជាច្រើននៅទូទាំងប្រទេស ក្នុងនោះ ខេត្តស្វាយរៀងយើង ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយ: ការកើនឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ ស្ពានឆ្លងកាត់ទន្លេ តំបន់សេដ្ឋកិច្ចពិសេស និងផ្លូវល្បឿនលើន ភ្នំពេញ-បាវិត ជាដើម ។ ទាំងនេះជាមោទនភាព របស់គណបក្សប្រជាជនកម្ពុជា ដែលគ្មានគណបក្សណា អាចប្រៀបផ្ទឹម រួមទាំងសុខសន្តិភាពផងដែរ ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវ ការផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកបដោយ ការនឹករឭក និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា មានសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងថ្នាក់ដឹកនាំដទៃទៀត នៃគណបក្សប្រជាជនកម្ពុជា ជូនចំពោះ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ក្រុងស្វាយរៀងទាំងអស់ សូមប្រកបដោយសេចក្តីសុខ នឹង ទទួលបានជោគជ័យ ក្នុងការបោះឆ្នោត នាពេលខាងមុខនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តថា តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺរបបនយោបាយ ដែលយើងប្រកាន់យក សព្វថ្ងៃនេះ គឺជារបបនយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស មានន័យថា ជារបប ដែលយក ប្រជាពលរដ្ឋជាធំ ជាអធិបតី អំណាចទាំងឡាយ គឺចេញមកពីប្រពលរដ្ឋ។ ដូច្នេះសូមឲ្យសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាយើង ចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ជាបន្តទៀត ក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី ៧ នាពេលខាងមុខនេះ ដើម្បីរក្សាការអភិវឌ្ឍន៍ និងរក្សាការងាររបស់បងប្អូនទាំងអស់គ្នា ៕ ដោយ ថេត វិចិត្រ








