កាណាដាប្រកាសផ្តល់ថវិកា ២៦៥លានដុល្លារ ដើម្បីជំរុញវិស័យអាកាសចរណ៍បៃតង
អូតាវ៉ា៖ ប្រទេសកាណាដាបានប្រកាសផ្តល់ថវិកា ៣៥០លានដុល្លារកាណាដា ឬប្រហែល ២៦៥លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការជំរុញរបស់ឧស្សាហកម្មអាកាសចរណ៍ ឆ្ពោះទៅរកការបំភាយកាបូនសូន្យ។
រដ្ឋមន្ត្រីឧស្សាហកម្មកាណាដា លោក ហ្វ្រេនស័រ ហ្វីលីព ឆេមភែន នៅថ្ងៃចន្ទនេះ បានប្រកាសផ្តល់ថវិកា ៣៥០លានដុល្លារកាណាដា ឬប្រហែល ២៦៥លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការជំរុញរបស់ឧស្សាហកម្មអាកាសចរណ៍ ឆ្ពោះទៅរកការបំភាយកាបូនសូន្យ។ លោក ឆេមភែន បានធ្វើសេចក្តីប្រកាសផ្តល់មូលនិធិនេះ នៅពេលចូលរួមក្នុងកម្មវិធីពិព័រណ៌វិស័យអាកាសចរណ៍ “Paris Air Show” ហើយមានការសាទរពីក្រុមហ៊ុនកាណាដាជាច្រើន។
ជាមួយគ្នានេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏បានអញ្ជើញចូលរួមថ្លែងសន្ទរកថា និងទស្សនាកម្មវិធីពិព័រណ៌នេះផងដែរ។ លោក ឆេមភែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្តល់មូលនិធិនេះ នឹងជួយដល់ការជំរុញការប្រើប្រាស់ថាមពលហាយប្រ៊ីដ, ប្រព័ន្ធដំណើរការយន្តហោះ, ផ្លាស់ប្តូរការប្រើប្រាស់ថាមពលជំនួសប្រេងឥន្ធនៈ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រយន្តហោះ។ លោក ឆេមភែន បន្ថែមថា ចំណុចទាំងនេះ នឹងជួយជំរុញ ក៏ដូចជាពន្លឿនការផ្លាស់ប្តូរឧស្សាហកម្មបៃតង នៃឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសកាណាដា និងការបង្កើតការងារដែលមានតម្លៃខ្ពស់ ស្របពេលពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងគាំទ្រដល់ការផ្លាស់ប្តូរទៅជាប្រទេសមានសេដ្ឋកិច្ចគ្មានការបំភាយកាបូន។
សមាជិកទីភ្នាក់ងារអាកាសចរណ៍របស់អង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ២០២២ បានកំណត់ថា ឆ្នាំ២០៥០ គឺជាគោលដៅរបស់ពួកគេក្នុងការសម្រេចឱ្យបាននូវការបំភាយកាបូនសូន្យសុទ្ធ សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស ដែលជាឧស្សាហកម្មមួយតែងតែទទួលរងនូវការរិះគន់ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។ បច្ចុប្បន្នវិស័យអាកាសចរណ៍បានរ៉ាប់រងការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ពី ២.៥ ទៅ ៣ភាគរយរបស់ពិភពលោក។
ការផ្លាស់ប្តូរវិស័យនេះទៅជាឥន្ធនៈកកើតឡើងវិញ កំពុងមានការលំបាក បើទោះបីជាឧស្សាហកម្មអាកាសចរណ៍ និងក្រុមហ៊ុនថាមពលកំពុងស្វែងរកការរីកចំរើនក៏ដោយ។ យោងតាមតួលេខរបស់រដ្ឋាភិបាលបានឱ្យដឹងថា វិស័យអាកាសចរណ៍កាណាដា ដែលជំរុញការនាំចេញ មានបុគ្គលិកប្រហែល ២១០,០០០នាក់ និងរួមចំណែកថវិកា ២៧ពាន់លានដុល្លារកាណាដាដល់សេដ្ឋកិច្ចជាតិ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

