ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា បញ្ជាទិញយន្តហោះ Airbus A320 ចំនួន ៥០០គ្រឿង
ញូវដែលី៖ ក្រុមហ៊ុនអាកាសចរណ៍ឯកជន IndiGo របស់ប្រទេសឥណ្ឌានៅថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួនបានបញ្ជាទិញយន្តហោះ A320 ចំនួន ៥០០គ្រឿងពីក្រុមហ៊ុន Airbus។

ក្រុមហ៊ុនអាកាសចរណ៍ឯកជន IndiGo របស់ប្រទេសឥណ្ឌា បានប្រកាសឱ្យដឹងពីការបញ្ជាទិញយន្តហោះ A320 ចំនួន ៥០០គ្រឿងពីក្រុមហ៊ុន Airbus របស់ប្រទេសបារាំង។ ក្រុមហ៊ុនអាកាសចរណ៍របស់ឥណ្ឌាមួយនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថិតក្រោមការបញ្ជាទិញនេះ យន្តហោះទាំង ៥០០គ្រឿង នឹងត្រូវបញ្ជូនទៅឱ្យក្រុមហ៊ុន IndiGo ជាបន្តបន្ទាប់ ចាប់ពីចន្លោះឆ្នាំ២០៣០ ដល់ឆ្នាំ២០៣៥។

កិច្ចព្រមព្រៀងទិញយន្តហោះខាងលើនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៩ ខែមិថុនា នៅឯកម្មវិធីពិព័រណ៍ “Paris Air Show 2023” ក្រោមវត្តមានរបស់លោក V Sumantran ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន IndiGo, លោក Pieter Elbers នាយកប្រតិបត្តិក្រុមហ៊ុន IndiGo, លោក Guillaume Faury, នាយកប្រតិបត្តិក្រុមហ៊ុន Airbus និងលោក Christian Scherer ប្រធានមន្រ្តីពាណិជ្ជកម្មរបស់ក្រុមហ៊ុន Airbus។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ឯកជន IndiGo របស់ប្រទេសឥណ្ឌា មមានយន្តហោះជាង ៣០០គ្រឿង និងជើងហោះហើរជាង ១,៨០០ជើងជារៀងរាល់ថ្ងៃ ហើយការបញ្ជាទិញយន្តហោះពីមុនសរុបមានចំនួន ៤៨០គ្រឿង ដែលនឹងត្រូវដឹកជញ្ជូនមកដល់នៅចុងឆ្នាំ ២០៣០៕


ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា