សម្ដេចតេជោ ហ៊ុន សែន៖ ដំណើរចាកចេញ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពោរពេញដោយទឹកភ្នែករាប់ម៉ឺនតំណក់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាកចេញរបស់សម្តេចទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤៦ឆ្នាំមុន ជាមួយនឹងទឹកភ្នែករាប់ម៉ឺនតំណក់ និងការឈឺចាប់ជាច្រើនទៀត ដោយបែកបាក់ប្រពន្ធ និងកូន និងការកាប់សម្លាប់ប្រជាជនកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាទេវតាតាមថែរក្សាសម្តេចជានិច្ចផងដែរ។

សម្តេចតេជោ បានចោទសំនួរថា កាលពី៤៦ឆ្នាំមុន (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧) បើសមមិត្ត ហ៊ុន សែន មិនសម្រេចចិត្តយកជីវិតធ្វើជាដើមទុន ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេ តើអាចនឹងមានអ្វីកើតឡើងសម្រាប់ប្រទេសកម្ពុជាបន្តទៀត? សម្តេច ថា ជីវិតប្រជាពលរដ្ឋខ្មែរទាំងអស់នៅពេលនោះ កំពុងតែស្ថិតនៅក្រោមកណ្តាប់ដៃរបស់ពួកខ្មែរក្រហម។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលឹកភាពវេទនាកាលពីជាង៤០ឆ្នាំមុនប្រាប់ទៅកូនៗ ដោយមិនត្រូវឱ្យស្ថានភាពនេះវិលមកគ្របដណ្តប់កម្ពុជាជាថ្មីទៀតនោះឡើយ។

សម្តេចតេជោ មានប្រសាសន៍ថា អ៊ីចឹងបានជាអ្នកដែលទៅនៅជាមួយខ្ញុំទាំងប៉ុន្មាន ទាំងមេដោះក្តី កូនខ្ញុំក្តី ខ្ញុំតែងប្រាប់កុំឱ្យស្ថិតក្នុងស្ថានភាពដូចពុក ហើយពេលពុកលើកស្លាបព្រាច្រកបាយក្នុងមាត់ទឹកភ្នែកហូរធ្លាក់ ចូលក្នុងស្លាបព្រា ដោយសារនឹកដល់ម៉ែកូនឯងកំពុងតែមានផ្ទៃពោះ នឹកដល់ប្រជាជនកម្ពុជា ដែលកំពុងត្រូវគេសម្លាប់ ត្រូវអត់ឃ្លាន ចឹងត្រូវយល់អារម្មណ៍អ្នកដែលមកនៅជាមួយយើង ជួនកាលគ្នាមានប្តី មានកូននៅឯផ្ទះ មានម្តាយចាស់នៅឯផ្ទះ អ៊ីចឹងយើងត្រូវជួយអ្នកដែលមកនៅជាមួយផ្តល់ឱ្យទៅអ្នកដែលនៅផ្ទះផង។

ដោយសារដិតដាមទៅដោយអារម្មណ៍ឈឺចាប់ដែលវាធ្លាប់បានធ្លាក់មកលើខ្លួន ខ្លួនក៏ត្រូវយកបទពិសោធនេះ ដើម្បីជួយទៅដល់អ្នកដទៃ រឿងរ៉ាវទាំងនេះ វាបានកើតមកចំពោះខ្ញុំ ប៉ុន្តែវាជាកុសល្យមួយដែរ ដែលផ្តល់ឱ្យខ្ញុំចេះដឹង យល់ដឹង និងអាចបង្កើតនូវស្ថានភាពធ្វើឱ្យជីវិតរបស់ខ្ញុំមិនឃ្លាតឆ្ងាយពីអតីតកាល ទោះបីថាប្រឹងបំភ្លេចវា ក៏ប៉ុន្តែបំភ្លេចបាននៅចំណុចណា ហើយបំភ្លេចមិនបានទៅលើចំណុចណា? អ្នកដែលទទួលផលក្រោយ ខ្ញុំគិតថាពួកគេមានសំណាង ប៉ុន្តែសំណាងនោះ យើងក៏ត្រូវមានកាតព្វកិច្ចឱ្យពួកគេទទួលបានផលពីសំណាងពីការលំបាក ពីពលីកម្មរបស់យើង។

សម្តេចបន្តថា រឿងដែលបានតភ្ជាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតមកដល់បច្ចុប្បន្ននេះ មិនគ្រាន់ត្រឹមតែថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ទេ ស្ថានភាពវាបានតភ្ជាប់មកដល់បច្ចុប្បនេះតែម្តងសម្រាប់ប្រទេសកម្ពុជា ដែលពីប្រទេសជួបអំពើប្រល័យពូជសាសន៍ មកដល់ប្រទេសមួយដែលកំពុងឈានឆ្ពោះទៅរកប្រទេសចាកចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឈានឆ្ពោះទៅរកប្រទេសមួយដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចលើកឡើងថា អ្វីដែលសម្តេចបានលះបង់ មិនមែនជាផលប្រយោជន៍របស់សម្តេចទេ គឺជាផលប្រយោជន៍សម្រាប់មនុស្សទាំងអស់ ។

សម្ដេចតេជោ នាយរកដ្ឋមន្ត្រី បានមានប្រសាសន៍ដូចនេះ ធ្វើឡើងក្នុងពិធីរំលឹកដល់ថ្ងៃ នៃដំណើរចេញតស៊ូ កាលពី ៤៦ឆ្នាំមុន នៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner