ឯកឧត្តម អៀង មូលី ៖ ចាត់ទុកអតីតយុទ្ធជននិងនិវត្តន៍ជន គឺជាវិរៈភាពអង់អាចក្លាហាន បានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីបូរណភាពជាតិ និងមាតុភូមិ

(ខេត្តកំពង់ស្ពឺ)៖ ឯកឧត្តម អៀង មូលី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល ជាមួយអតីតយុទ្ធជនចំនួន ៦០២ នៅវត្តបសេដ្ឋចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺនារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ។

ឯកឧត្តម បានលើកទឹកចិត្ត និងថ្លែងអំណរគុណដល់ បងប្អូនជាយុទ្ធជន ដែលមានវីរៈភាពអង់អាចក្លាហាន បានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីបូរណភាពជាតិ និងមាតុភូមិ។ អ្នកខ្លះមានជំងឺប្រចាំកាយ អ្នកខ្លះទៀតបានក្លាយខ្លួនជាជនពិការ លើសពីនេះទៅទៀត អ្នកខ្លះបានពលីជីវិតនៅក្នុងសមរភូមិ។ ប្រទេសជាតិមានសុខសន្តិភាព នាំមកនូវការរីកចម្រើន និងការអភិវឌ្ឍន៍។ យើងទាំងអស់គ្នាត្រូវរក្សាសន្តិភាពឱ្យស្ថិតនៅគង់វង្សជារៀងរហូត សម្រាប់ក្មេងៗជំនាន់ក្រោយ។

ឯកឧត្តម បន្ថែមថា សន្តិភាពដែលបងប្អូនទាំងអស់គ្នាបានចូលរួមកសាងនេះហើយ ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ និងទទួលបានជោយជ័យជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ។

ឯកឧត្តម អៀង មូលី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ និងបានធ្វើការគាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

ក្នុងឱកាសនោះ ឯកឧត្តម អៀង មូលី បាននាំអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី មកផ្តល់ជាលើកទីពីរ ដើម្បីបង្គ្រប់ក្នុងម្នាក់ៗឲ្យបាន ៥០,០០០ រៀល ជូនអតីតយុទ្ធជនចំនួន ៦០២នាក់ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner