សម្តេចក្រឡាហោម៖ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ពុំបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរនោះទេ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងរាជរដ្ឋាភិបាលឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នៅក្នុងរដ្ឋសភាលើកទី៩ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា បានមានប្រសាសន៍ថា សំណើសុំធ្វើវិសោធនកម្មច្បាប់នេះ មានខ្លឹមសារពាក់ព័ន្ធតែលក្ខខណ្ឌសម្រាប់ការឈរឈ្មោះឱ្យគេបោះឆ្នោតប៉ុណ្ណោះ។ ពោលគឺពុំបានធ្វើឱ្យប៉ះពាល់ឡើយដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ ដូចនេះ ការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតនៅតែជាសិទ្ធិរបស់ពលរដ្ឋខ្មែរ និងពុំមែនជាកាតព្វកិច្ចដែលមានចរិតជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យទៅបោះឆ្នោតនោះទេ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា “យោងតាមខ្លឹមសារ នៃវិសោធនកម្មច្បាប់នេះ ក្នុងករណីដែលមិនបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០៣នេះ ដែលគ្មានមូលហេតុសមស្រប ពលរដ្ឋដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត និងត្រូវបាត់បង់នូវសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់ការបោះឆ្នោតចំនួន៤ បន្តបន្ទាប់គ្នា ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាពេលខាងមុខនេះ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅឆ្នាំ២០២៤ ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណិត្តិទី៤ ឆ្នាំ២០២៤ ការបោះឆ្នោតជ្រើសរសើក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ នៃរដ្ឋសភា នៅឆ្នាំ២០២៨”។

សម្តេចក្រឡាហោមបានបញ្ជាក់ទៀតថា វិសោធនកម្មនេះ ក៏ពាក់ព័ន្ធទៅនឹងទោសបញ្ញត្តិផងដែរ។ ពោលគឺអ្នកញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត និងអ្នកដែលបានណែនាំ ឬញុះញង់ឱ្យអ្នកបបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ត្រូវចាត់ទុកជាបទល្មើស ត្រូវទោសផាកពិន័យជាប្រាក់ពី ៥លាន ទៅ ២០លានរៀល និងដកហូតជាបណ្តោះអាសន្ននៅសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតយ៉ាងតិច៥ឆ្នាំ។ ចំពោះគណបក្សនយោបាយ ក៏ត្រូវរងការផាកពិន័យជាប្រាក់ពី ១០លាន ទៅ៣០លានរៀល និងអាចត្រូវដកហូតសិទ្ធិជាបណ្តោះអាសន្ន និងសិទ្ធិចូលរួមការបោះឆ្នោតសម្រាប់រយៈពេល៥ឆ្នាំ បន្ថែមលើទណ្ឌកម្មផ្សេងទៀតដែលមានកំណត់នៅក្នុងច្បាប់ជាធរមាន។

សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា ជារួម វិសោធនកម្មច្បាប់បោះឆ្នោតនាពេលនេះ គឺត្រូវបានធ្វើឡើងងនៅក្នុងគោលបំណងការពារដំណើរការនៃការបោះឆ្នោត ពីផែនការ ឬឧបាយកលនយោបាយនានានៅក្នុងការប៉ុនប៉ងបំផ្លាញការបោះឆ្នោត។ ការធ្វើវិសោធនកម្មនេះ ក៏នឹងរួមចំណែកលើកស្ទូយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចារឹកក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិ ក៏ដូចជារួមចំណែកលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោតក្នុងការគោរពករណីកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា