លោក ពូទីន អរគុណមេដឹកនាំបេឡារុស ដែលជួយបញ្ចុះបញ្ចូលទាហាន Wagner ចាកចេញពីរុស្ស៊ី
មូស្គូ៖ រដ្ឋាភិបាលទីក្រុងមីនស្កិ៍ នៅថ្ងៃសៅរ៍នេះ បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានអរគុណដល់បុរសខ្លាំងបេឡារុស លោក អាឡិចសាន់ឌើ លូកាសិនកូវ បន្ទាប់ពីប្រធានក្រុមទាហានស៊ីឈ្នួល Wagner បានប្រកាសថា រូបលោកបាននិងកំពុងបង្វែរកងកម្លាំងរបស់ខ្លួនចេញពីប្រទេសរុស្ស៊ីវិញហើយ។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានអរគុណដល់សមភាគីបេឡារុស លោក អាឡិចសាន់ឌើ លូកាសិនកូវ ក្រោយប្រធានក្រុមទាហានស៊ីឈ្នួល Wagner លោក យេវហ្គេនីន ព្រីហ្គោហ្ស៉ីន បានប្រកាសថា រូបលោកកំពុងបង្វែរកងកម្លាំងរបស់ខ្លួនចេញពីប្រទេសរុស្ស៊ីវិញហើយ។
សេវាសារព័ត៌មានរបស់លោក លូកាសិនកូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីបេឡារុសបានជូនដំណឹងដល់ប្រធានាធិបតីរុស្ស៊ីលម្អិត អំពីលទ្ធផលនៃការចរចាជាមួយមេដឹកនាំក្រុមទាហានស៊ីឈ្នួល PMC Wagner ដោយបន្ថែមថា លោក ពូទីន ក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតីបេឡារុសផងដែរ។
គួរបញ្ជាក់ថា ប្រធានទាហានស៊ីឈ្នួលរបស់ក្រុមឧទ្ទាម Wagner លោក យេវហ្គេនីន ព្រីហ្គោហ្ស៉ីន បានគំរាមដឹកនាំក្បួនយោធាឆ្ពោះទៅកាន់ទីក្រុងមូស្គូកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ មុននឹងប្រកាសពីការដកថយដ៏គួរឱ្យភ្ញាក់ផ្អើលវិញ ដោយនិយាយថា រូបលោកមិនចង់ឃើញការបង្ហូរឈាមគ្នា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា






