ប្រេស៊ីលប្រារព្ធពិធីបុណ្យដើរកាត់រងើកភ្លើង
ប្រាស៊ីលីយ៉ា៖ សហគមន៍មួយដែលបង្កើតឡើងដោយអតីតក្រុមទាសករស្ថិតនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល មានប្រពៃណីទំនៀមទម្លាប់ដ៏ចម្លែកមួយ នោះគឺការដើរជើងទទេរនៅលើរងើកភ្លើងកំពុងឆេះ។
ដោយត្រូវបានគេចាត់ទុកថា ជាប្រពៃណីទំនៀមទម្លាប់ដ៏ចម្លែកមួយរបស់ពិភពលោក សហគមន៍មួយដែលបង្កើតឡើងដោយអតីតក្រុមទាសករស្ថិតនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល បាននាំគ្នាដើរជើងទទេរនៅលើរងើកភ្លើង ដែលមានប្រវែង ៧ម៉ែត្រ ដើម្បីប្រារព្ធពិធីបុណ្យ Saint John។
អ្នកចូលរួមម្នាក់បាននិយាយថា គ្មានអ្វីកើតឡើងទេ សូម្បីតែមានអារម្មណ៍ថាក្តៅនៅក្នុងខ្លួនរបស់ខ្ញុំ… ខ្ញុំគ្មានអារម្មណ៍ឈឺចាប់ទេ… ខ្ញុំបានដើរកាត់រងើកភ្លើង ហើយគ្មានអារម្មណ៍ឈឺចាប់ទេ។ អ្នកចូលរួមដដែលបន្តថា នេះជាឆ្នាំទី ៣ហើយ ដែលខ្ញុំបានដើរនៅលើភ្លើងក្តៅ ហើយជាឆ្នាំចុងក្រោយនៃពាក្យសម្បថរបស់ខ្ញុំចំពោះព្រះ… នោះហើយជាមូលហេតុដែលខ្ញុំមិនបានរលាកភ្លើង ដោយសារតែជំនឿរបស់ខ្ញុំ។
ជាមួយគ្នានេះ អ្នកស្រី Junia Bertolino គ្រូបង្រៀនសិល្បៈបាននិយាយថា ចំពោះខ្ញុំ… ការប្រារព្ធពិធីនេះមានន័យថា ជាប្រពៃណី។ វាជាការប្រសើរណាស់ក្នុងការគោរពដល់បុព្វបុរសរបស់ពួកយើង, វប្បធម៌ និងជំនឿរបស់ពួកយើង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា






