ឯកឧត្តម មុំម ស៊ីបុន អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅស្រុកស្វាយឣន្ទរ
ព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរគណបក្សប្រជាជនកម្ពជាស្រុកស្វាយឣន្ទរឯកឧត្តម មុំម ស៊ីបុន សមាជិកគណ:កម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង តំណាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញដឹកនាំបេក្ខជនពេញសិទ្ធ និងបម្រុងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយឣន្ទរចំនួនជាង ៣០០នាក់ ។
ឯកឧត្តម មុំម ស៊ីបុន បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត ជាច្រើនឥតគណនាដែលកើតឡើងពីការខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញីដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ អស់ជាច្រើនទសវត្សឱ្យក្លាយជាទឹកដីមួយដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរនិងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។
ឯកឧត្តម មុំម ស៊ីបុន ក៏បានលើកឡើងពីសមិទ្ធិផលថ្មីៗដ៏សំខាន់ផ្សេងទៀត ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកជូនជាតិ និងប្រជាពលរដ្ឋ ដូចជាជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺរាតត្បាតនេះ។ ឯកឧត្តមក៏បានអំពាវនាវផងដែរឱ្យប្រជាពលរដ្ឋស្រុកស្វាយឣន្ទរក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសសូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ បន្តដឹកនាំប្រទេសដើម្បីសន្តិភាព និងការអភិវឌ្ឍ ៕ ដោយ ហេង សម្បត្តិ






