លោក គួច ហុងជៀក៖ ការផ្តល់វិញ្ញាបនបត្រនិងលិខិតបញ្ជាក់ គឺជាការផ្តល់លំនឹង និងលើកទឹកសិស្សកាន់តែបន្តការខិតខំប្រឹងប្រែងហ្វឹកហាត់
ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ នាល្ងាចថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ឆ្នាំ២០២៣ បានផ្តល់ ជូននូវវិញ្ញាបនត្រ និងលិខិតបញ្ជាក់ដល់សិស្សគុនដែលបញ្ចប់ការហ្វឹកហាត់រយៈពេល ៦ខែ និងរយៈពេល១ឆ្នាំ ។

លោក គង់ ម៉ូណាមិថុរ៉ា គ្រូង្វឹកសហព័ន្ធខ្មែរកីឡាហាប់គីដូ បានបញ្ជាក់ឲ្យដឹងថា សិស្សគុនហាប់គីដូដែលត្រូវបានប្រគល់ជូនលិខិតបញ្ជាក់ និងវិញ្ញាបនប័ត្រជូន សរុប ចំនួន៥១នាក់មកពីក្លិបចំនួន៣និងសមាគមន៍ចំនួន១ ក្នុងនោះ សិស្សគុនដែលទទួលបានលិខិតបញ្ជាក់ ឆ្លងកាត់ការហ្វឹកហាត់រយៈពេល៦ចំនួន៤៥នាក់ និងវិញ្ញាបនបត្រចំនួន៦នាក់ ឆ្លងកាត់ការហ្វឹកហាត់រយៈពេល១ឆ្នាំ។

គ្រូបង្វឹកខាងលើ បានបញ្ជាក់ទៀតថា សិស្សគុនដែលសហព័ន្ធផ្តល់ជូននូវលិខិតបញ្ជាក់ និងវិញ្ញាបនបត្រជូននាពេលនេះ គឺសុទ្ធសឹងជាសិស្សដែលគោរពនូវវិន័យជាប់លាប់ តាមការបរិច្ចេទ កំណត់ឡើងដោយច្បាប់របស់សហព័ន្ធ។

លោក គួច ហុងជៀក អនុប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានមានប្រសាសន៍លើកឡើងថា ការផ្តល់ជូនជាលិខិតបញ្ជាក់ និងវិញ្ញាបនបត្រជូនដល់សិស្សគុន ដែលបានចូលរួមហ្វឹកហាត់ជាមួយសហព័ន្ធ គឺចង់បញ្ជាក់ថា សហព័ន្ធខ្មែរកីឡាហាប់គីដូមានការទទួលស្គាល់ជាសហព័ន្ធកីឡាជាតិ ដោយក្រសួងអប់រំយុវជននិងកីឡា ហើយ សម្រាប់លិខិតបញ្ជាក់ និងវិញ្ញាបនបត្រនេះ គឺជាទន់មួយសម្រាប់សិស្សគុនប្រើប្រាស់នៅពេលអនាគត ពេលក្លាយជាគ្រូបង្វឹក ព្រោះវាបានបញ្ជាក់ថា យើងបានឆ្លងកាត់ការហ្វឹកហាត់ត្រឹមត្រូវជាមួយសហព័ន្ធ។មួយវិញទៀត គឺជាការផ្តល់លំនឹង និងលើកទឹកចិត្តសិស្សឲ្យកាន់តែខិតខំប្រឹងប្រែងហ្វឹកហាត់។

សូមបញ្ជាក់ថា សិស្សគុនដែលទទួលបានលិខិតបញ្ជាក់ និងវិញ្ញាបនបត្រ ពីសហព័ន្ធខ្មែរកីឡាហាប់គីដូ សរុបចំនួន៥១នាក់ ក្នុងនោះ៤៥នាក់ទទួលបានលិខិតបញ្ជាក់ ការហ្វឹកហាត់រយៈពេល៦ខែ មាន- កីឡាករ ២៥នាក់ និង កីឡាការិនី ១៤នាក់ ។ សម្រាប់វិញ្ញាបនបត្រការហ្វឹកហាត់រយៈពេល១ឆ្នាំផ្តល់ជូនសិស្សគុន៦នាក់ មានកីឡាករ៣នាក់ និងកីឡាការិនី៣នាក់ ៕


អត្ថបទ និង រូបភាព ជាវ ចន្ធូ