សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយគាំពារសង្គមជាបន្តបន្ទាប់ ដើម្បីការពារនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ
កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយគាំពារសង្គមជាបន្តបន្ទាប់ ដើម្បីការពារនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
សម្តេចតេជោ បានបញ្ជាក់ថា សម្ដេចមានការសប្បាយរីករីកចំពោះសមិទ្ធផលនានា ដែលសម្រេចបានចំពោះបងប្អូនកម្មករនិយោជិតដែលរាជរដ្ឋាភិបាលបានធ្វើនាពេលកន្លងមក ជាពិសេស ការទប់ស្កាត់ការឆ្លង់រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ ដោយបងប្អូនកម្មករនិយោជិតបានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា។
សម្តេច បានប្រកាសថា គោលនយោបាយគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់ ដើម្បីការពារនូវសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។
សម្តេច ថា អ្វីដែលសម្ដេចចង់បានបំផុត គឺធ្វើយ៉ាងម៉េចឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ដោយការអនុវត្តបែបនេះបាន គឺត្រូវធ្វើយ៉ាងម៉េចកុំឱ្យក្នុងរោងចក្រមានហិង្សា កុំឱ្យមានការចែកចាយគ្រឿងញៀន ហើយបើមានបញ្ហាអ្វីត្រូវពន្លឿនក្នុងការដោះស្រាយ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត សម្តេចនឹងផ្អាកធ្វើការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតមួយរយៈ ដើម្បីកុំឲ្យមានបញ្ហាជាមួយនឹងច្បាប់របស់គ.ជ.ប. ហើយក្រោយការបោះឆ្នោតសម្តេចនឹងបន្តជួបទៀត ដើម្បីពិនិត្យមើលវឌ្ឍនភាពនៅតាមរោងចក្រ សហគ្រាស់នានា ។
សម្តេច ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ កម្មករកម្មការិនី និងមន្រ្ដីរាជការទាំងអស់ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ខណៈរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យឈប់សម្រាករយៈពេល៣ថ្ងៃ ដោយមានប្រាក់ឈ្នួល ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

