គម្រោងរេដបូក បានជួយដល់និស្សិតក្រីក្រនៅឃុំជីផាត អាចមានលទ្ធភាពបន្តរៀនសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ
ខេត្តកោះកុង៖ តាមរយៈគម្រោងរេដបូកនៃតំបន់ជួរភ្នំក្រវាញខាងត្បូងបានធ្វើឱ្យនិស្សិតក្រីក្រ ដែលពុំធ្លាប់មានឱកាសរៀនបានថ្នាក់ខ្ពស់ដូចកូនអ្នកដទៃនោះ ពេលនេះពួកគេបានបន្តទៅរៀនថ្នាក់សាកលវិទ្យាលចំនួន ៤ឆ្នាំនៅរាជធានីភ្នំពេញ ហើយពិសេសអាចជ្រើសរើសមុខជំនាញតាមការចូលចិត្តដើម្បីបំពេញក្តីស្រម៉ៃ ថែមទៀតផង ។
គួរបញ្ជាក់ថា និស្សិតមកពីគ្រួសារដែលមានជីវភាពខ្វះខាត ហើយចាំបាច់ត្រូវតែជាអ្នករស់នៅក្នុងតំបន់គោលដៅនៃតំបន់ជួរភ្នំក្រវាញខាងត្បូងដោយ ទទួលបានឱកាសសម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ នៅទីក្រុងភ្នំពេញ ។ និស្សិតចំនួន ៦រូបក្នុងចំណោមនិស្សិតដទៃទៀត នៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុងបានកំពុងបន្តសិក្សានៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញតាមរយៈការទ្រទ្រង់ថវិកាស្ទើរទាំងស្រុងពី អង្គការ សម្ព័ន្ធមិត្តសត្វព្រៃ។

លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឃន៍សហគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WA) បានឱ្យដឹងថា និស្សិតដែលអាចទទួលអាហាររូបករណ៍បាន ចាំបាច់ត្រូវតែជាសិស្សកំពុងរៀនថ្នាក់ទី១២ ឬអតីតសិស្សដែលមានសញ្ញាបត្រទី១២ ។ ពួកគេបានទទួលការសិក្សាដោយពុំបង់ប្រាក់ ហើយខាងអង្គការទទួលខុសត្រូវទាំងស្រុង រួមមាន ថ្លៃសិក្សា និងប្រាក់ឧបត្ថម សម្ភារសិក្សា ថ្លៃអាហារ កន្លែងស្នាក់នៅ រួមទាំងថ្លៃទឹក ភ្លើង ការធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព ជាដើម ។
លោកបានលើកឡើងដោយបញ្ជាក់ថា”គម្រោងរេដបូក បានចូលរួមអភិវឌ្ឍន៍ជីវភាពរបស់ប្រជាសហគមន៍ ផ្តល់នូវចំណេះដឹងដល់និស្សិតក្រីក្រពុំមានលទ្ធភាពបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យ ។ ពួកគាត់អាចអភវិវឌ្ឍន៍ខ្លួនសម្រាប់ស្វែងរកការងារ និងក៏ដូចជាជួយសហគមន៍របស់ពួកគេក្រោយបញ្ចប់ការសិក្សាទៅ ។ ក្នុងរយៈពេល ៤ឆ្នាំពោលគឺពីឆ្នាំ ២០២០ ដល់ឆ្នាំ២០២៣នេះ យើងបានធ្វើការជ្រើសរើសនិស្សិតអាហាររូបករណ៍សរុបទាំងអស់ ១៦រូប ក្នុងនេះនៅឃុំជីផាត បានទទួលអាហាររូបករណ៍ចំនួន ៦រូប មាននិស្សិតជំនាន់ទី១ ដល់ជំនាន់ទី៣” ។

អ្នកស្រី ស៊ីងសុវណ្ណតេវ ប្រជាពលរដ្ឋរស់នៅឃុំជីផាត បានបង្ហាញក្តីរីករាយថា ៖ អ្នកស្រីពិតជារីករាយក្នុងនាមជាម្តាយដែលកូនបានបន្តសិក្សានៅថ្នាក់សាកលវិទ្យាល័យដោយមិនចាំបាច់បង់ប្រាក់ ហើយបើគ្មានអាហាររូបករណ៍តាមរយៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃទេ អ្នកស្រីពិតជាមិនមានលទ្ធភាពឱ្យកូនទៅរៀនថ្នាក់សាកលវិទ្យាល័យឡើយព្រោះថា ការចំណាយទាំងស្រុង គឺជាបន្ទុករបស់អង្គការ ។
ស្រ្តីជាអ្នករស់នៅឃុំជីផាតរូបនេះបានបញ្ជាក់ប្រាប់ថា”ទាំងការស្នាក់នៅ ថ្លៃបង់សាលា សម្លៀកបំពាក់ ចំណីអាហារ សាំង និងការឈឺថ្កាត់ គឺអង្គការសម្ព័ន្ធមិត្តសត្វព្រៃជាអ្នករ៉ាប់រងទាំងអស់”។
លោក ទុយ ហុង ដែលជាគ្រូបង្រៀនមួយរូបបានប្រាប់ដែរថា ដោយសារជីវភាពខ្សត់ខ្សោយពលរដ្ឋភាគច្រើនពុំមានលទ្ធភាពអាចបញ្ជូនកូនៗបន្តការសិក្សានៅរាជធានីភ្នំពេញទេ ។ តាមរយៈអាហាររូបករណ៍នេះធ្វើឱ្យកូនអ្នកក្រីក្រដូចរូបលោកអាចបន្តរៀនសូត្រយកថ្នាក់សាកលវិទ្យាល័យ ដែលនេះគឺជារឿងស្មានមិនដល់មួយ នៅឃុំជីផាត ដោយកាលពីមុនមកពុំមាននរណាម្នាក់អាចបញ្ជូនកូនទៅរៀនថ្នាក់ខ្ពស់ៗសោះឡើយ ។

ឯកឧត្តម ជួប ប៉ារីស អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានបានថ្លែងថា គម្រោងរេដបូកបានជួយការពារព្រៃឈើ ជួយដល់សហគមម៍ និង កសាងសមត្ថភាព ។ កិច្ចការពារព្រៃឈើ គឺទេសចរណ៍ផ្សារភ្ជាប់ទឹកដី សម្រាប់ការជួយសហគមន៍វិញ គឺជួយឱ្យជីវភាពធូរធាក្នុងនេះផ្តល់ទាំង ផ្លូវ ទឹក ពូជសត្វចិញ្ចឹម ដំណាំ និងពិសេសបានផ្តល់រហូតដល់អាហាររូបករណ៍ដល់កូនៗពួកគាត់បានបន្តសិក្សាថ្នាក់ៗសាកលវិទ្យាល័យថែមទៀត ដើម្បីឱ្យពួកគាត់មានចំណេះដឹងជួយកសាងសហគមន៍ក៏ដូចជាប្រទេសជាតិ។
គួរបញ្ជាក់ថា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ បង្កើតឡើងនៅឆ្នាំ២០១៨ ហើយគម្រោងនេះដឹកនាំដោយក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ សម្រាប់គោលបំណងនៃ គម្រោងនេះ ដើម្បីលើកកម្ពស់ការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ជួយអភិរក្សព្រៃឈើ និងបង្កើតជីវភាពរស់នៅសហគមន៍មូលដ្ឋាន៕



អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ពុធ សុខជា និង លោក សែម បូរិន