ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ និងត្រៀមដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា សម្រាប់ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមាននាយកដ្ឋានកម្មសិទ្ធិបញ្ញាជាលេខាធិការដ្ឋាន បានបញ្ចប់សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ និងត្រៀមដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាពេលឆាប់ៗខាងមុខ ដោយមានចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញា នៅកម្ពុជា ឱ្យក្លាយទៅជាកម្លាំងចលករមួយលើកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និង កសិកម្ម តាមរយៈការលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និង ផលិតផលរបស់កម្ពុជា , ការបង្កើតស្នាដៃវប្បធម៌ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញត្តិ វប្បធម៌ ជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងការ បង្កើតផលិតផលបច្ចេកវិទ្យា ជំរុញគំនិតច្នៃប្រឌិត ការបង្កើតថ្មី និង ឧស្សាហកម្ម វប្បធម៌ ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ចនិង សង្គមឌីជីថល ព្រមទាំងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដើម្បី ចូលរួមចំណែក ក្នុងការសម្រេចបាននូវចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០ ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានលើកឡើងបែបនេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញា ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) ដើម្បី គោរពរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលសម្រាប់ការអនុវត្ដសិទ្ធិកម្មសិទ្ធិបញ្ញា ។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំដល់សមាជិកសមាជិកានៃអង្គ ប្រជុំទាំងមូល ចូលរួមពិនិត្យ និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលសម្រាប់ការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ដែលជាលិខិតបទដ្ឋានគតិយុត្តមួយ សម្រាប់អនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា និងធានាបានកិច្ចការពារឱ្យមានប្រសិទ្ធភាពនៃសិទ្ធិរបស់ម្ចាស់កម្មសិទ្ធិបញ្ញា ព្រមទាំងការពារផលប្រយោជន៍អ្នកប្រើប្រាស់ប្រឆាំងនឹងការធ្វើចរាចរនៃផលិតផលក្លែងក្លាយ ជាពិសេសការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ដើម្បីលុបបំបាត់អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដោយជំរុញឱ្យមានការគោរពកម្មសិទ្ធិបញ្ញាចំណោមសាធារណៈទូទៅ បង្កើនជំនឿទុកចិត្តពីអតិថិជន ពាណិជ្ជកម្មស្មើភាព និងទាក់ទាញវិនិយោគ។

គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវលទ្ធផលគួរជាទីមោទនលើវិស័យកម្មសិទ្ធិបញ្ញា ដោយឆ្នាំកន្លងទៅក្រុមការងារចរចាជំពូកកម្មសិទ្ធិបញ្ញា បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចចរចា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលទើបនឹងចូលជាធរមានកាលពីឆ្នាំ២០២២ និងកិច្ចចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលបានចាប់ផ្តើមចរចាក្នុងឆ្នាំ២០២២ និងទើបបានចុះហត្ថលេខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅវិមានសន្តិភាព កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីនេះ ផងដែរ។

កិច្ចព្រមព្រៀងទាំងនេះនឹងកា្លយជាកម្លាំងចលករបន្ថែម ប្រកបដោយសក្តានុពល និងកាលានុវត្តភាពថ្មី នៅក្នុងតំបន់អាស៊ី និងមជ្ឈឹមបូព៌ា ដែលការណ៍នេះនឹងក្លាយជាសក្ខីភាព សម្រាប់ឆ្លុះបញ្ចាំងពីការទទួលស្គាល់ជាសកលពីគ្រប់មជ្ឈដ្ឋាននូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជាប្រកបដោយវិបុលភាព និងសន្តិភាពនៅក្នុងយុគសម័យឌីជីថល៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner